ដោយ បណ្ឌិត លន់ ពេជ្រតារា

ត្រីធម្មជាតិគឺជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃសម្រាប់មនុស្សរាប់លាននាក់ដែលរស់នៅតាមដងទន្លេមេគង្គក្រោមជាមួយនឹងជម្រកដ៏សំខាន់សម្រាប់ប្រភេទត្រីចម្រុះជាច្រើនប្រភេទ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនត្រី និង ប្រភេទត្រីធម្មជាតិនៃទន្លេមេគង្គក្រោមកំពុងរងការគំរាមកំហែង ហើយជីវភាពរស់នៅរបស់អ្នកនេសាទ និងប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់អវិជ្ជមានដោយធនធានជលផលកំពុងធ្លាក់ចុះ (Chevalier 2023)។ មូលហេតុនៃការ ធ្លាក់ចុះនេះ រួមមាន ការនេសាទហួសកម្រិត ការអភិវឌ្ឍមិនមានចេរភាព តាមបណ្តោយ ទន្លេ មេគង្គក្រោម ឧទាហរណ៍ដូចជាការកសាងទំនប់វារីអគ្គិសនីជាច្រើនតាមដងទន្លេ កំណើនប្រជាជន និងការអនុវត្តច្បាប់មានកម្រិតលើការគ្រប់គ្រងការនេសាទ។ ដើម្បីទប់ ទល់នឹងការធ្លាក់ចុះនេះ ការពង្រឹងការអនុវត្តច្បាប់ និងយុទ្ធនាការគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចេរភាពនានា រួមផ្សំជាមួយនឹងការចិញ្ចឹមត្រី (វារីវប្បកម្ម) ត្រូវបានពង្រីកជាលំដាប់នៅទូទាំងតំបន់ទន្លេមេគង្គក្រោម (Orr 2012; Pittock 2017; Kang 2022)។
ទិន្នផលសរុបដែលបានមកពីការចិញ្ចឹមត្រីសព្វថ្ងៃនេះមានចំនួន 48% នៃការផ្គត់ផ្គង់ត្រីសរុបនៅក្នុងតំបន់មេគង្គក្រោម (SEAFDEC 2025)។ មនុស្សជាច្រើនចាត់ទុកការចិញ្ចឹមត្រីនេះជាដំណោះស្រាយផ្អែកលើធម្មជាតិដែលអាចដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ ពីព្រោះវាប្រើប្រាស់ធនធានដែលមានស្រាប់ ពោលគឺទន្លេ អូរ ស្រះ ឬវាលស្រែ ជាឧបករណ៍ធម្មជាតិដើម្បីផ្តល់ត្រីចិញ្ចឹម និងផ្តល់ជាកន្លែងសម្រាប់ចិញ្ចឹមត្រី និងអាហារបន្ថែមសម្រាប់ចំនួនប្រជាជនដែលកំពុងកើនឡើង (Le Gouvello 2022)។
នៅក្នុងបរិបទនៃឧស្សាហកម្មវារីវប្បកម្ម ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ជាឧទាហរណ៍ ក្នុង ការរៀបចំចំណី ការគ្រប់គ្រងស្រះ ការត្រួតពិនិត្យជំងឺ ការគ្រប់គ្រងថែរក្សាកូនត្រីទើប
ញាស់ ការកែច្នៃត្រី និងការធ្វើទីផ្សារជាដើម (Bosma 2018)។ ប៉ុន្តែការចូលរួមចំណែករបស់ស្រ្តីត្រូវបានគេមើលរំលងជាញឹកញាប់នៅក្នុងគោលនយោបាយ និងស្ថិតិ (Ninh 2022)។ សក្ដានុភាពយេនឌ័រនៅក្នុងវិស័យនេះនាំឱ្យមានវិសមភាពខ្លាំង ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (Kruijssen 2018)។
អត្ថបទនេះពិនិត្យឡើងវិញនូវការសិក្សាពីមុនលើវិស័យវារីវប្បកម្ម និងយេនឌ័រនៅក្នុងប្រទេសមេគង្គក្រោម (រួមមាន កម្ពុជា វៀតណាម ឡាវ និងថៃ)។ វាផ្តោតលើឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីក្នុងការងារវារីវប្បកម្ម និងការផ្តល់ជាយោបល់សម្រាប់ការកែលម្អ។
វារីវប្បកម្មជាដំណោះស្រាយផ្អែកលើធម្មជាតិ (NbS) នៅតំបន់មេគង្គក្រោម៖ ការវិភាគតាមលក្ខណៈវិនិច្ឆ័យទាំងប្រាំបី
អង្គការអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានផ្តល់និយមន័យ ដំណោះស្រាយផ្អែកលើធម្មជាតិ (NbS) ថាជា “សកម្មភាពដើម្បីការពារ ស្តារ គ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមប្រកបដោយចេរភាព” ជាមួយនឹងគោលបំណងបីយ៉ាង៖ ផលប្រយោជន៍រួមដល់ជីវៈចម្រុះ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការស្តារប្រព័ន្ធអេកូឡូស៊ី (IUCN 2020)។ ស្តង់ដារសកលសម្រាប់ដំណោះស្រាយផ្អែកលើធម្មជាតិរបស់ IUCN រាយបញ្ជីលក្ខណៈវិនិច្ឆ័យទាំងប្រាំបីនេះ ដែលត្រូវតែបំពេញ មុនពេលសកម្មភាពណាមួយអាចត្រូវបានចាត់ទុកថាជា NbS។
NbS ដោះស្រាយបញ្ហាប្រឈមសង្គម: ការចិញ្ចឹមត្រីដោះស្រាយបញ្ហា សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងភាពធន់នឹងអាកាសធាតុ ដោយផ្ទាល់។ នៅក្នុងតំបន់ទន្លេសាប នៃប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ នៃប្រទេសវៀតណាម ការចិញ្ចឹមត្រីផ្តល់ប្រូតេអ៊ីនដល់មនុស្សរាប់លាននាក់ ខណៈពេលដែលកាត់បន្ថយសម្ពាធលើការនេសាទត្រីធម្មជាតិ (FAO 2022)។ វាក៏ជួយសហគមន៍ឱ្យសម្របខ្លួនទៅនឹងភាពប្រែប្រួលអាកាសធាតុដោយធ្វើពិពិធកម្មជីវភាពរស់នៅផងដែរ។
ការអនុវត្ត NbS ក្នុងទំហំផ្សេងៗ: ការចិញ្ចឹមត្រីត្រូវបានអនុវត្តក្នុងទ្រង់ទ្រាយផ្សេងៗគ្នា ចាប់ពីស្រះតូចៗសម្រាប់គ្រួសារនៅក្នុងប្រទេសឡាវ រហូតដល់កសិដ្ឋានចិញ្ចឹមបង្គាធំៗដែលផ្តោតលើការនាំចេញនៅក្នុងប្រទេសថៃ។ ទំហំនេះអនុញ្ញាតឱ្យ NbS ត្រូវបានកែសម្រួលទៅតាមបរិបទក្នុងស្រុក ដោយធានាទាំងភាពធន់កម្រិតសហគមន៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ (ASEAN Secretariat 2023)។
NbS គឺមានទីតាំង និងអនុវត្តតាមបរិបទជាក់លាក់: ប្រព័ន្ធវារីវប្បកម្មនៅតំបន់មេគង្គក្រោមត្រូវបានសម្របទៅនឹងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក៖ ប្រព័ន្ធស្រូវ-ត្រីនៅកម្ពុជា ការចិញ្ចឹមបង្គា-ព្រៃកោងកាងរួមបញ្ចូលគ្នានៅប្រទេសវៀតណាម និងការចិញ្ចឹមត្រីស្រះខ្ពង់រាបនៅប្រទេសឡាវ។ ការអនុវត្តជាក់លាក់តាមទីតាំងទាំងនេះស្របនឹង គោលការណ៍ NbS ដោយគោរពតាមបរិបទអេកូឡូស៊ី និងវប្បធម៌ (IPCC 2023)។
NbS ផ្តល់ផលចំណេញសុទ្ធដល់ជីវចម្រុះ: ការចិញ្ចឹមត្រីដែលគ្រប់គ្រងបានល្អអាចបង្កើនជីវចម្រុះ។ ការចិញ្ចឹមត្រីស្រូវរួមបញ្ចូលគ្នាធ្វើឲ្យប្រសើរឡើងនូវជីជាតិដី និងកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ខណៈដែលប្រព័ន្ធព្រៃកោងកាង-បង្គាស្តារជម្រកតាមឆ្នេរសមុទ្រ។ ការអនុវត្តទាំងនេះចូលរួមចំណែកដល់ការអភិរក្សជីវចម្រុះ ខណៈពេលដែលរក្សាជីវភាពរស់នៅ (FAO 2022)។
NbS មានស្ថិរភាពផ្នែកសេដ្ឋកិច្ច: ការចិញ្ចឹមត្រីបង្កើតផលចំណេញសេដ្ឋកិច្ចយ៉ាងសំខាន់។ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញផលិតផលចិញ្ចឹមត្រីធំបំផុតរបស់ពិភពលោក ខណៈដែលប្រទេសកម្ពុជា និងឡាវពឹងផ្អែកលើការចិញ្ចឹមត្រីសម្រាប់ប្រាក់ចំណូលនៅជនបទ។ ការចិញ្ចឹមត្រីគិតគូរពីនិរន្តរភាព ធានានូវលទ្ធភាពជោគជ័យរយៈពេលវែងរបស់ខ្លួន និងកាត់បន្ថយថ្លៃដើមខាងក្រៅ ដូចជាការនេសាទហួសកម្រិត (ASEAN Secretariat 2023)។
NbS គឺប្រកបដោយភាពបរិយាប័ន្ន (គិតគូរដល់មនុស្សគ្រប់ប្រភេទ) សមធម៌ និងមានការចូលរួម: ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមត្រី ជាពិសេសក្នុងការកែច្នៃត្រី និងទីផ្សារ។ ការចិញ្ចឹមត្រីរួមបញ្ចូលពង្រឹងភាពធន់របស់គ្រួសារ និងការចូលរួមរបស់សហគមន៍ (FAO 2022)។
NbS រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី: ការចិញ្ចឹមត្រី នៅពេលដែលរួមបញ្ចូលជាមួយវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់លំនឹងនៃប្រព័ន្ធអេកូឡូស៊ី។ ឧទាហរណ៍ ការចិញ្ចឹមបង្គាតាមព្រៃកោងកាងនៅប្រទេសវៀតណាមរក្សាការការពារឆ្នេរសមុទ្រ ខណៈពេលដែលការចិញ្ចឹមត្រីនៅតំបន់ខ្ពង់រាបនៅប្រទេសឡាវកាត់បន្ថយការហូរច្រោះដីដោយធ្វើឱ្យការប្រើប្រាស់ទឹកមានស្ថេរភាព (IPCC 2023)។
NbS ត្រូវបានគ្រប់គ្រងនិងអនុវត្តដោយភាពបត់បែន និងមានការសម្របខ្លួន: ប្រព័ន្ធវារីវប្បកម្មនៅតំបន់មេគង្គក្រោមកំពុងទទួលយកការគ្រប់គ្រងដោយសម្របខ្លួនកាន់តែខ្លាំងឡើង ដូចជាប្រភេទពូជត្រី ដែលធន់នឹងអាកាសធាតុ ការអនុវត្តជីវសុវត្ថិភាព និងបច្ចេកវិទ្យាសន្សំសំចៃទឹក។ ការគ្រប់គ្រងដោយសម្របខ្លួន ធានាថាវារីវប្បកម្មនៅតែអាចដំណើរការបានក្រោមលក្ខខណ្ឌអាកាសធាតុ និងទីផ្សារដែលកំពុងផ្លាស់ប្តូរ (FAO 2022)។
ដូច្នេះ ការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ បំពេញតាមលក្ខណៈ វិនិច្ឆ័យសម្រាប់ NbS ពីព្រោះវា ដោះស្រាយបញ្ហាសន្តិសុខស្បៀង គាំទ្រដល់ជីវៈចម្រុះ រក្សាជីវភាពរស់នៅ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដោយអនុលោម តាមលក្ខណៈវិនិច្ឆ័យ NbS ទាំងប្រាំបី ការចិញ្ចឹមត្រីមិនមែនគ្រាន់តែជាសកម្មភាព សេដ្ឋ កិច្ចនោះទេ ប៉ុន្តែជា ដំណោះស្រាយផ្អែកលើធម្មជាតិជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ប្រកបដោយចេរភាពនៅក្នុងតំបន់មេគង្គក្រោម។
ការចិញ្ចឹមត្រី (វារីវប្បកម្ម) នៅតំបន់មេគង្គក្រោម និង តួនាទីសមធម៌យេនឌ័រ
ប្រទេសស្ទើរតែទាំងអស់នៅតំបន់មេគង្គក្រោម ជាកន្លែងដែលប្រព័ន្ធកសិករខ្នាតតូចពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មក្នុងគ្រួសារ មានការចូលរួមរបស់ស្ត្រីអត្រាស្រដៀងគ្នាពី 35-55% ក្នុងផលិតកម្មវារីវប្បកម្ម។ កត្តារារាំងចម្បងរបស់ស្រ្តី ចំពោះការចូលរួមរួមមានការទទួលបានការបណ្តុះបណ្តាល និងឥណទានមានកម្រិត បូករួមទាំងកង្វះការទទួលស្គាល់ជាផ្លូវការសម្រាប់តួនាទីរបស់ស្ត្រី ទោះបីជាស្រ្តី បានរួមចំណែកយ៉ាងសំខាន់ដល់ការងារផលិតកម្មវារីវប្បកម្មក៏ដោយ (Kruijssen 2021; Kusakabe 2025)។
ការសិក្សាមួយលើការចិញ្ចឹមប្រភេទត្រីប្រាប៉ាងហ្គាស៊ីស (pangasius catfish) នៅតំបន់ដីសណ្តទន្លេមេគង្គក្រោម ប្រទេសវៀតណាមបង្ហាញថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងគុណភាពទឹក និងការធ្វើការសម្រេចចិត្តកម្រិតគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់ស្រ្តីត្រូវបានរារាំងដោយការទទួលបានសេវាបណ្តុះបណ្តាល និងផ្សព្វផ្សាយមានកម្រិត ដែលឆ្លុះបញ្ចាំងពីវិសមភាព និង មិនមានសមធម៌សង្គម-វប្បធម៌កាន់តែទូលំទូលាយក្នុងការគ្រប់គ្រងវិស័យវារីវប្បម្ម (Ninh 2022)។
ការសិក្សាមួយផ្សេងទៀតបានរកឃើញថាតួនាទីរបស់ស្ត្រីត្រូវបានផ្តោតលើការរៀបចំចំណី និងការកែច្នៃក្រោយពេលប្រមូលផល ខណៈដែលបុរសគ្របដណ្ដប់លើការសាងសង់ស្រះ និងការប្រមូលផល។ ការវិភាគទំនាក់ទំនងឥទ្ធិពលនៃកត្តាផ្សេងដែលជះឥទ្ធិពលទៅដល់ទំហំត្រី លទ្ធផលស្ទង់មតិបានបង្ហាញថា គ្រួសារដែលមានការចូលរួមពីស្ត្រីខ្ពស់ក្នុងការត្រួតពិនិត្យគុណភាពទឹក បានធ្វើអោយប្រសើរឡើងគួរឱ្យកត់សម្គាល់នៃសមាមាត្រនៃការប្រើប្រាស់ចំណីត្រី និងទំហំ ឬ ទម្ងន់របស់ត្រី (Boyd 1998)។
ឧបសគ្គចំពោះការចូលរួម និងការទទួលស្គាល់របស់ស្ត្រីក្នុងការងារវារីវប្បកម្ម
ឧបសគ្គជាច្រើនបានកំណត់ការចូលរួមពេញលេញរបស់ស្ត្រីក្នុងវារីវប្បកម្ម។ ទីមួយការទទួលបានធនធានដូចជា ឥណទាន សេវាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលដែលនៅតែមិនទាន់មានសមធម៌ (Ninh 2022)។ ការស្ទង់មតិនៅទូទាំងតំបន់មេគង្គក្រោមបង្ហាញថា បុរសទទួលបានការបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម ជះឥទ្ធិពលដោយផ្ទាល់ដល់អំណាចរបស់ពួកគេក្នុងការសម្រេចចិត្តលើការចិញ្ចឹមត្រីកម្រិតគ្រួសារ និងសហគមន៍។ ទីពីរ កត្តាវប្បធម៌បានពង្រឹងការបែងចែកកម្លាំងពលកម្មតាមភេទ ដោយកំណត់ការចូលរួមចំណែករបស់ស្ត្រីថាជា “ការងារគាំទ្របន្ទាប់បន្សំ” ជាជាង “ការងារវិជ្ជាជីវៈចម្បង”។ ភាពមើលមិនឃើញនេះធ្វើឱ្យមានភាពមិនស្មើគ្នាក្នុងការទទួលស្គាល់ការងាររបស់ស្រ្តី និងភាពខុសគ្នាក្នុងការទទួលបានប្រាក់កម្រៃ។ ទីបី គម្លាតគោលនយោបាយនៅតែបន្តកើតមានដោយសារយុទ្ធសាស្ត្រវារីវប្បកម្មជាតិ ជារឿយៗ បរាជ័យក្នុងការរួមបញ្ចូលក្របខ័ណ្ឌ ភាពងាយរងគ្រោះផ្អែកលើយេនឌ័រ ដែលបណ្តាលឱ្យមានការអនុវត្តគម្រោងអន្តរាគមន៍នានា មើលរំលងសមត្ថភាព លទ្ធភាព និងជំនាញរបស់ស្ត្រី (Newton 2019)។
ទាក់ទងនឹងការធ្វើការសម្រេចចិត្ត និងការទទួលបាន ធនធាន មានតែ ស្ត្រី 32% ប៉ុណ្ណោះ ដែលបានស្ទង់មតិ ហើយបានរាយការណ៍ថាមានសិទ្ធិអំណាចធ្វើការសម្រេចចិត្តចម្បង ក្នុងសកម្មភាពវារីវប្បកម្ម។ ការទទួលបានសេវាផ្សព្វផ្សាយគឺមិនស្មើគ្នាទេ។ បុរស 68% បានទទួលការបណ្តុះបណ្តាលបើប្រៀបធៀបទៅនឹងស្ត្រីដែលមានកំរិតទាបជាង។ ការវិភាគលើទិន្នន័យស្ទង់មតិបានបង្ហាញថា ការទទួលបានការបណ្តុះបណ្តាលគឺជាការកត្តាព្យាករណ៍ដ៏រឹងមាំមួយនៃសិទ្ធិអំណាចក្នុងការធ្វើការសម្រេចចិត្តរបស់ស្ត្រី។ ការរកឃើញទាំងនេះស្របនឹងការវិភាគខ្សែសង្វាក់តម្លៃយេនឌ័រដែលសង្កត់ធ្ងន់លើវិសមភាពជារចនាសម្ព័ន្ធក្នុងការចែកចាយធនធាន (Kruijssen 2021)។
ដំណោះស្រាយ និងមាគ៌ាឆ្ពោះទៅមុខ
ដូច្នេះដំណោះស្រាយគោលនយោបាយគួរតែរួមបញ្ចូលយេនឌ័រទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្ម។ ការសិក្សាថ្មីៗដែលសង្កត់ធ្ងន់លើការអោយមានរបៀបថ្មីស្តីពីវិធីសាស្រ្តធ្វើអោយមានសមធម៌យេនឌ័រ ដែលលើសពីការរួមបញ្ចូលចំនួនស្រ្តី។ ឧទាហរណ៍ការសិក្សារបស់ Kusakabe និងសហការី (2025) បានស្នើគ្រោងការណ៍ត្រួតពិនិត្យយេនឌ័រ ដែលរាប់បញ្ចូលតាំងពីដំណើរការនៃការផ្លាស់ប្តូរ ដែលអនុញ្ញាតឱ្យអ្នកធ្វើគោលនយោបាយ អាចតាមដានការផ្លាស់ប្តូរនៃសមត្ថភាព និងការចូលរួមរបស់ស្ត្រី។ ការងារចាំបាច់របស់អ្នករៀបចំគោលនយោបាយ និងការសំរេចចិត្តគួរផ្តោតលើមូលដ្ឋាន និង ការផ្ដល់យោបល់ចំនួនបីខាងក្រោម
ផ្តល់ការបណ្តុះបណ្តាលដែលគិតគូរ តាមប្រធានបទ និងតាមយេនឌ័រ
វារីវប្បកម្មនៅតំបន់មេគង្គក្រោមកាន់តែត្រូវការចំណេះដឹងច្រើនឡើងៗ ដែលទាមទារជំនាញក្នុងការគ្រប់គ្រងចំណីសត្វ ការបង្ការជំងឺ ការត្រួតពិនិត្យគុណភាពទឹក និងការចូលទៅទីផ្សារ។ តាមរយៈការរួមបញ្ចូលការបណ្តុះបណ្តាលដែលមានភាពរសើបចំពោះយេនឌ័រ (គិតគូរពីភាពខុសគ្នារវាងបុរសនិងស្រ្តី) រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលអាចធានាថា ស្ត្រីមិនត្រឹមតែត្រូវបានរួមបញ្ចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្តល់អំណាចយ៉ាងសកម្មក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ។ នេះជារឿងសំខាន់ព្រោះការចូលរួមរបស់ស្ត្រីជះឥទ្ធិពលដោយផ្ទាល់ទៅលើផលិតភាព សន្តិសុខស្បៀងអាហារ និងលទ្ធផលអាហារូបត្ថម្ភក្នុងគ្រួសារ។
ការសិក្សាមួយដែលអនុវត្ត គ្រោងការណ៍ត្រួតពិនិត្យយេនឌ័របានបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗនៃសមត្ថភាពរបស់ស្ត្រី។ នៅក្នុងប្រព័ន្ធចិញ្ចឹមត្រីក្នុងវាលស្រែ របស់ប្រទេសវៀតណាមគ្រួសារដែលចូលរួមក្នុងការបណ្តុះបណ្តាលគិតគូរយេនឌ័រ បានរាយការណ៍ពីការកើនឡើងនៃការធ្វើការសម្រេចចិត្តរួមគ្នា (Kusakabe 2025)។
នៅកម្រិតគ្រួសារ ភស្តុតាងបង្ហាញថា ការចូលរួមដោយសមធម៌ជួយបង្កើនផលិតភាព។ គ្រួសារដែលមានការធ្វើការសម្រេចចិត្តរួមគ្នា និងការទទួលខុសត្រូវបច្ចេកទេសរួមគ្នា បានបង្ហាញថាមានទិន្នផលខ្ពស់ជាងមុន និងអត្រាការផ្តល់ចំណីសត្វប្រសើរឡើង ដែលគូសបញ្ជាក់ពីអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារនៃសមភាពយេនឌ័រ (Kruijssen 2021)។ នៅកម្រិតសហគមន៍ រចនាសម្ព័ន្ធអភិបាលកិច្ចដែលមានការចូលរួម ដែលរួម បញ្ចូលស្ត្រីនៅក្នុងសហករណ៍វារីវប្បកម្ម និងក្រុមអ្នកផលិត ពង្រឹងភាពធន់រួម ជាពិសេស នៅក្នុងប្រព័ន្ធដែលងាយនឹងរងផលប៉ះពាល់ដោយអាកាសធាតុ ដូចជា ការចិញ្ចឹមបង្គា-ស្រូវនៅប្រទេសវៀតណាម (Trinh 2021)។
លើសពីនេះ ការបណ្តុះបណ្តាលដែលយកចិត្តទុកដាក់លើយេនឌ័រទទួលស្គាល់ការពិតសង្គមរបស់សហគមន៍ជនបទ។ ជារឿយៗស្ត្រីធ្វើកិច្ចការច្រើនយ៉ាងក្នុងវិស័យជលផល ជាមួយ នឹងការថែទាំ និងការទទួលខុសត្រូវក្នុងគ្រួសារផ្សេងទៀត ដូច្នេះកម្មវិធីបណ្តុះបណ្តាលត្រូវតែមានភាពបត់បែនក្នុងការកំណត់ពេលវេលា ទីតាំង និងវិធីសាស្ត្រចែកចាយ។ ឧទាហរណ៍ សេវាកម្មផ្សព្វផ្សាយចល័ត ឬសិក្ខាសាលាដែលមានមូលដ្ឋាននៅសហគមន៍អាចកាត់បន្ថយឧបសគ្គចំពោះការចូលរួមស្រ្តី។ នៅក្នុងតំបន់ទន្លេសាបនៃប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គរបស់ប្រទេសវៀតណាម ស្ត្រីដើរតួនាទីយ៉ាងសំខាន់រួចទៅហើយក្នុងការកែច្នៃ និងការធ្វើទីផ្សារ។ ដូច្នេះ ការផ្តល់ឱ្យពួកគេនូវចំណេះដឹងបច្ចេកទេសជួយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់តម្លៃ (ASEAN Secretariat 2023)។
ការរួមបញ្ចូលវិធីសាស្រ្តនេះទៅក្នុងនិន្នាការចិញ្ចឹមត្រីបច្ចុប្បន្នធានាថា ការធ្វើទំនើបកម្មមិនពង្រីកគម្លាតយេនឌ័រទេ ប៉ុន្តែផ្ទុយទៅវិញពង្រឹងកំណើនប្រកបដោយបរិយាប័ន្ន។
ការសម្របសម្រួលក្នុងការផ្តល់កម្មវិធីឥណទាន និង កម្មវិធី បរិយាប័ន្នហិរញ្ញវត្ថុ
ការទទួលបានហិរញ្ញប្បទាននៅតែជាឧបសគ្គដ៏សំខាន់បំផុតមួយសម្រាប់ស្ត្រីក្នុងការងារវារីវប្បកម្មនៅតំបន់ទន្លេមេគង្គក្រោម (Larson 2023)។ ប្រព័ន្ធធនាគារបែបប្រពៃណីច្រើនតែតម្រូវឱ្យមានទ្រព្យបញ្ចាំ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬការចុះបញ្ជីអាជីវកម្មជាផ្លូវការ ជាលក្ខខ័ណ្ឌដែលស្ត្រីជាច្រើនមិនអាចបំពេញបានដោយសារតែកម្មសិទ្ធិដែលកំណត់ដោយយេនឌ័រ និង ការងារកម្លាំងពលកម្មក្រៅផ្លូវការ។ បើគ្មានកម្មវិធីផ្តល់ការសំរួលហិរញ្ញវត្ថុសំរាប់ស្រ្តីទេ ស្ត្រីនៅតែបានរារាំងពីឱកាសក្នុងការពង្រីកផលិតកម្ម វិនិយោគលើធាតុចូលផ្សេងៗដើម្បីអោយមានភាពកាន់តែប្រសើរ ឬទទួលយកបច្ចេកវិទ្យាថ្មីៗដែលធន់នឹងអាកាសធាតុ។ ការសម្របសម្រួលអោយមានគម្រោងឥណទានខ្នាតតូច ក្រុមសន្សំ និងផលិតផលហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងយេនឌ័រ អនុញ្ញាតឱ្យស្ត្រីក្លាយជាសហគ្រិនចិញ្ចឹមត្រីសកម្មជាជាងកម្មករបន្ទាប់បន្សំ។
ការធ្វើសមាហរណកម្មនេះមានភាពបន្ទាន់ជាពិសេស ដោយសារនិន្នាការបច្ចុប្បន្ននៃការ ចិញ្ចឹមត្រីឧស្សាហកម្ម និងផ្តោតលើការនាំចេញនៅក្នុងប្រទេសវៀតណាម និងថៃ និងការ ជំរុញឱ្យមានជីវភាពរស់នៅដែលធន់នឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា និងឡាវ។ ការទទួលបានឥណទានរបស់ស្ត្រី អាចឱ្យពួកគេធ្វើពិពិធកម្មប្រភេទវារីវប្បកម្ម វិនិយោគលើចំណីដែលប្រសើរឡើង និងអនុវត្តជីវសុវត្ថិភាព ដែលកាត់បន្ថយហានិភ័យនៃជំងឺ។ ការដាក់បញ្ចូលហិរញ្ញវត្ថុក៏ពង្រឹងភាពធន់របស់គ្រួសារផងដែរ ដោយសារស្ត្រីទំនងជាវិនិយោគប្រាក់ចំណូលទៅលើការអប់រំ សុខភាព និងអាហារូបត្ថម្ភបន្ថែម (UNDP 2023)។
តាមរយៈការបញ្ចូលហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងយេនឌ័រទៅក្នុងការអភិវឌ្ឍវារីវប្បកម្មនៅតំបន់នេះ អាចពង្រីកសក្តានុពលដ៏ទូលំទូលាយនៃទេពកោសល្យសហគ្រិន ដោយធានាថាកំណើនមិនប្រមូលផ្តុំក្នុងចំណោមសហគ្រាសដែលគ្រប់គ្រងដោយបុរសទេ ប៉ុន្តែត្រូវបានចែករំលែកនៅទូទាំងសហគមន៍។
ការបញ្ចូលក្របខ័ណ្ឌត្រួតពិនិត្យយេនឌ័រទៅក្នុងគោលនយោបាយជាតិស្តីពីវារីវប្បកម្ម
គោលនយោបាយនៅតំបន់អនុតំបន់ទន្លេមេគង្គ កាន់តែសង្កត់ធ្ងន់លើនិរន្តរភាព ភាពធន់នឹងអាកាសធាតុ និងការធ្វើសមាហរណកម្មតំបន់ (Du 2023)។ ទោះជាយ៉ាងណាក៏ដោយ បើគ្មានយន្តការត្រួតពិនិត្យយេនឌ័រទេ វឌ្ឍនភាពប្រឈមនឹងហានិភ័យនៃភាពមិនស្មើគ្នា និងនៅតែមើលមិនឃើញ។ ការបញ្ចូលសូចនាករយេនឌ័រទៅក្នុងគោលនយោបាយវារីវប្បកម្ម ធានាថារដ្ឋាភិបាលអាចតាមដានថាតើស្ត្រីកំពុងទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាល ឥណទាន និងការចូលទីផ្សារឬ អត់ និងថាតើអន្តរាគមន៍កំពុងកាត់បន្ថយវិសមភាពដែលមានជារចនាសម្ព័ន្ធឬអត់។ នេះមិនមែនគ្រាន់តែជាអំពីភាពយុត្តិធម៌នោះទេ វាជា ប្រសិទ្ធភាព។ ការសិក្សាបង្ហាញថា ប្រព័ន្ធវារីវប្បកម្មដែលរួមបញ្ចូលយេនឌ័រមានផលិតភាព និងភាពធន់ជាងមុន ដោយសារពួកគេទាញយកអត្ថប្រយោជន៍ពីជំនាញ និងទស្សនៈរបស់សមាជិកសហគមន៍ទាំងអស់ (IPCC 2023)។
សម្រាប់ប្រទេសកម្ពុជា វៀតណាម ថៃ និងឡាវ ក្របខ័ណ្ឌត្រួតពិនិត្យយេនឌ័រនេះ ក៏មានភាពស្របនឹងការប្តេជ្ញាចិត្តកាន់តែទូលំទូលាយចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព (SDGs) ដែលបានស្នើឡើងដោយ កម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០១៥ ជាពិសេស SDG ទី ៥ (សមភាពយេនឌ័រ) និង SDG ទី ១៤ (ជីវិតនៅក្រោមទឹក)។ តាមរយៈការធ្វើឱ្យការទទួលខុសត្រូវមានលក្ខណៈស្ថាប័ន ក្រសួងនានាអាចកំណត់បញ្ហា និងកែសម្រួលយុទ្ធសាស្ត្រទៅតាមនោះ ឧទាហរណ៍ នៅពេលដែលការចូលរួមរបស់ស្ត្រីនៅក្នុងកម្មវិធីផ្សព្វផ្សាយកសិកម្មនៅតែទាបទោះបីជាមានការប្តេជ្ញាចិត្តខាងគោលនយោបាយក៏ដោយ។ ការបញ្ចូលក្របខ័ណ្ឌត្រួតពិនិត្យក៏ពង្រឹងទំនុកចិត្តរបស់អ្នកផ្តល់ជំនួយផងដែរ ដោយសារដៃគូអន្តរជាតិទាមទារកាន់តែខ្លាំងឡើងនូវភស្តុតាងនៃការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោងដែលទទួលបានមូលនិធិ (ASEAN Secretariat 2023)។ នៅក្នុងការអនុវត្តនេះ អាចមានន័យថាការប្រមូលទិន្នន័យដាច់ដោយឡែកពីគ្នាលើការចូលរួមផ្នែកវារីវប្បកម្មរបស់បុរស និងស្រ្តី ការធ្វើសវនកម្មយេនឌ័រជាប្រចាំនៃសេវាកម្មផ្សព្វផ្សាយនិងការពិនិត្យគោលនយោបាយដែលស្តាប់សំឡេងរបស់ស្ត្រី។
ក្របខ័ណ្ឌបែបនេះធានាថា សមភាព និងសមធម៌យេនឌ័រ មិនមែនជាការបន្ថែមបែបវោហាសាស្ត្រទេ ប៉ុន្តែជាសមាសធាតុដែលអាចវាស់វែង និងអនុវត្តបាននៃការអភិវឌ្ឍវារីវប្បកម្ម។
សេចក្តីសន្និដ្ឋាន
នៅក្នុងប្រទេសអាងទន្លេមេគង្គក្រោម ការធ្វើវារីវប្បកម្មរួមចំណែកដល់សន្តិសុខស្បៀង និងរក្សាជីវភាពរស់នៅជនបទ។តាមរយៈការចាត់ទុកវារីវប្បកម្មជាដំណោះស្រាយផ្អែកលើធម្មជាតិ តំបន់នេះអាចកាត់បន្ថយកង្វះខាតប្រូតេអ៊ីន ខណៈពេលដែលលើកកម្ពស់ភាពធន់នៅក្នុងសហគមន៍ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានជលផលនេះ។
ស្ត្រីចូលរួមចំណែកយ៉ាងសំខាន់នៅទូទាំងខ្សែសង្វាក់តម្លៃវារីវប្បកម្ម ប៉ុន្តែនៅតែមានការរឹតត្បិតដោយការទទួលបានការបណ្តុះបណ្តាល ឥណទាន និងអំណាចធ្វើការសម្រេចចិត្តមានកម្រិត។ ការសិក្សាបង្ហាញជាប់លាប់ថា ការចូលរួមដែលរួមបញ្ចូលយេនឌ័របង្កើនផលិតភាព ដោយសារគ្រួសារដែលអនុវត្តការគ្រប់គ្រងប្រកបដោយសមធម៌សម្រេចបានទិន្នផលខ្ពស់ និងប្រសិទ្ធភាពប្រសើរឡើង។ ដូច្នេះ ការដោះស្រាយវិសមភាពយេនឌ័រមិនត្រឹមតែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមាគ៌ាឆ្ពោះទៅរកលទ្ធផលសេដ្ឋកិច្ចកាន់តែរឹងមាំ និងភាពធន់តាមវិស័យផងដែរ។
ដើម្បីឆ្ពោះទៅមុខ ការរួមបញ្ចូលក្របខ័ណ្ឌដែលយកចិត្តទុកដាក់លើយេនឌ័រទៅក្នុងគោលនយោបាយ និងការអនុវត្តវិស័យវារីវប្បកម្ម គឺមានសារៈសំខាន់ណាស់។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការអភិវឌ្ឍសមត្ថភាពគោលដៅ និងអភិបាលកិច្ចដែលមានការចូលរួមអាចរុះរើរបាំងជារចនាសម្ព័ន្ធ ក្នុងខណៈពេលកំពុងពង្រីកសមត្ថភាពរបស់ស្ត្រី។ តាមរយៈការបញ្ចូលសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រវារីវប្បកម្មប្រទេសនៅតំបន់មេគង្គក្រោមអាចជំរុញការអភិវឌ្ឍប្រកបដោយចេរភាព អធិបតេយ្យភាពស្បៀងអាហារ និងភាពធន់នឹងអាកាសធាតុក្នុងពេលដំណាលគ្នា។
នៅទីបំផុត អនាគតនៃវារីវប្បកម្មនៅក្នុងតំបន់អាងទន្លេមេគង្គក្រោម អាស្រ័យលើការទទួលស្គាល់ និងទាញយកអត្ថប្រយោជន៍ពីការចូលរួមចំណែករបស់តួអង្គទាំងអស់ ទាំងបុរស និងស្ត្រី ដើម្បីកសាងប្រព័ន្ធដែលមានការរួមបញ្ចូល ផលិតភាព និងប្រកបដោយចេរភាព។
