ដោយ ជា សុធារ័ត្ន

ប្រទេសកម្ពុជាមានប្រពៃណីវប្បធម៌ដ៏យូរលង់ក្នុងការបរិភោគត្រីក្នុងបរិមាណច្រើនដោយសារវាផ្តល់នូវប្រភពប្រូតេអ៊ីនរហូតដល់ ៧៦% នៃការទទួលទានសរុបក្នុងគ្រួសារ (Sithirith 2024)។ ត្រីគឺជាអាហារដែល ត្រូវបានទទួលទានច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីស្រូវអង្ករ ព្រោះភាពដ៏សម្បូរបែបនូវជីវចម្រុះនៃបឹងទន្លេសាប និងអាងទន្លេមេគង្គ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ទិន្នផលត្រីធម្មជាតិរបស់កម្ពុជាបានធ្លាក់ចុះដល់កម្រិតអាសន្ន ដោយសារកត្តារួមផ្សំជាច្រើន រួមមាន៖ ការនេសាទហួសកម្រិត ការទន្រ្ទានព្រៃឈើ ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុ។ មន្ត្រី និងអ្នកស្រាវជ្រាវកម្ពុជាជារឿយៗតែងលើកឡើងថា ឧបករណ៍នេសាទខុសច្បាប់គឺជាអាវុធគំរាមកំហែងផ្ទៃក្នុងដ៏ធំបំផុតតែមួយគត់ ចំពោះសន្តិសុខស្បៀងរបស់ប្រទេស។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រព័ន្ធលំហួរទឹកទន្លេត្រូវរាំងស្ទះ ដែលអាចប៉ះពាល់ដល់ចរាចរដ៏សំខាន់របស់ត្រី និងផ្លាស់ប្តូររបបទឹកហូរធម្មជាតិនៃបឹងទន្លេសាប (Linh 2022; Hogen 2025)។ ការប្រើប្រាស់ព្រៃលិចទឹកទៅជាដីកសិកម្មសម្រាប់ធ្វើស្រែ បានធ្វើឱ្យប៉ះពាល់ជម្រកពងកូនដ៏សំខាន់របស់ត្រី ដែលធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជរបស់វាតាមធម្មជាតិ (Linh 2022)។ ការប្រែប្រួលសីតុណ្ហភាពទឹក និងរបបទឹកជំនន់ ក៏ជះឥទ្ធិពលផ្ទាល់ដល់ការបង្កកំណើត និងចំនួនរបស់ត្រីផងដែរ។
អ្នកភូមិក្នុងស្រុកឯកភ្នំ និងស្រុកសំឡូត នៃខេត្តបាត់ដំបង បានលើកឡើងថា តាមការកត់សម្គាល់ពីមុន ពួកគាត់អាចចាប់ត្រីបានក្នុងបរិមាណយ៉ាងច្រើន (រហូតដល់រាប់រយគីឡូក្រាមក្នុងមួយថ្ងៃ) ប៉ុន្តែបច្ចុប្បន្ន ទិន្នផលបានធ្លាក់ចុះមកនៅត្រឹមប្រហែល ១០ គីឡូក្រាម ឬតិចជាងនេះប៉ុណ្ណោះក្នុងមួយថ្ងៃ (Giacomelli 2022)។ ខណៈដែលទិន្នផលត្រីធម្មជាតិក្នុងបឹងទន្លេសាប និងទន្លេមេគង្គមានការធ្លាក់ចុះ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្វែរពីការពឹងផ្អែកខ្លាំងលើការនេសាទធម្មជាតិ មកលើវារីវប្បកម្មវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនប្រជាជន។
តើអ្វីទៅជាវារីវប្បកម្ម?
វារីវប្បកម្ម នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថាជាការចិញ្ចឹមសត្វក្នុងទឹក ជាពិសេសគឺត្រីទឹកសាប នៅក្នុងទីតាំងដែលអាចគ្រប់គ្រងបាន ដូចជាការចិញ្ចឹមក្នុងស្រះ ឬក្នុងបែ ជាដើម ក្នុងគោលបំណងសម្រាប់បរិភោគ និងលក់លើទីផ្សារ យោងតាមអង្គការ (FAO)។ វារីវប្បកម្មបានក្លាយជាសកម្មភាពមួយដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដោយផ្តោតសំខាន់លើប្រភេទត្រីដូចជា ត្រីប្រា ត្រីទីឡាប់យ៉ា ត្រីរ៉ស់ និងប្រភេទត្រីឆ្ពិនជាច្រើនទៀត។
យោងតាមជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០២៣ (CAC) មានគ្រួសារកម្ពុជាជាង ៦១,០០០ គ្រួសារ កំពុងប្រកបរបរចិញ្ចឹមត្រីនៅក្នុងស្រះ ឬក្នុងបែ តាមលក្ខណៈកសិដ្ឋានខ្នាតតូច និងខ្នាតមធ្យម (NIS 2023)។ កសិដ្ឋានខ្នាតតូច៖ មានផ្ទៃដីចន្លោះពី ៥០ ដល់ ៥០០ ម៉ែត្រការ៉េ និងអាចផលត្រីបានចាប់ពី ១,៧៣ តោន ដល់ ៤០០ តោន ក្នុងមួយឆ្នាំ។ កសិដ្ឋានខ្នាតមធ្យម៖ មានផ្ទៃដីចន្លោះពី ៥០០ ដល់ ៣,០០០ ម៉ែត្រការ៉េ និងអាចផលត្រីបានចាប់ពី ៥,៣ ដល់ ១,៦០០ តោន ជាប្រចាំឆ្នាំ (Joffre 2021)។
តើវារីវប្បកម្មជាដំណោះស្រាយប្រកបដោយនិរន្តរភាពដែរឬទេ?
ជាក់ស្តែងខណៈពេលដែលការអនុវត្តវារីវប្បកម្មបែបប្រពៃណីផ្ដល់នូវអត្ថប្រយោជន៍ការគ្រប់គ្រងមិនបានត្រឹមត្រូវនៃវិស័យនេះ កំពុងបង្កជាបញ្ហាប្រឈមខ្លាំងដល់បរិស្ថាន។ ក្តីបារម្ភចម្បងមួយ គឺការបង្ហូរទឹកកខ្វក់ចូលធម្មជាតិដែលមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្ម ជាពិសេសពីប្រភេទត្រីដែលបង្កើតកាកសំណល់ច្រើនដូចជាត្រីតីឡាប់យ៉ាជាដើម។ ទឹកទាំងនេះសម្បូរទៅ ដោយអាម៉ូញាក់ ភក់ កាកសំណល់ចំណីដែលនៅសល់ និងសមាសធាតុអាសូតផ្សេងៗទៀត ដែលជាធម្មតាត្រូវបានបង្ហូរចូលទៅក្នុងស្រែ ប្រឡាយ ឬទន្លេដែលនៅក្បែរនោះដោយផ្ទាល់។
នៅពេលបញ្ចេញទៅក្នុងបរិស្ថាន សារធាតុទាំងនេះបង្កឱ្យមានបាតុភូត (Eutrophication) ឬការឡើងស្លែខ្លាំង នាំឱ្យបាត់បង់អុកស៊ីសែនក្នុងទឹក និងឈានទៅដល់ការធ្លាក់ចុះនៃគុណភាពទឹកលើដី។ ការកកកុញនៃភក់ កាកសំណល់អាចផ្លាស់ប្តូររចនាសម្ព័ន្ធដី នាំឱ្យកាត់បន្ថយទិន្នផលកសិកម្ម ស្របពេលដែលកម្រិតអាម៉ូញាក់ខ្ពស់ក៏ធ្វើឱ្យសត្វក្នុងទឹកពុលផងដែរ។ ក្នុងរដូវប្រាំង នៅពេលដែលត្រូវផ្លាស់ប្តូរទឹកញឹកញាប់ក្នុងស្រះ វាកាន់តែធ្វើឱ្យមានបញ្ហាកង្វះខាតទឹកធ្ងន់ធ្ងរ និងមានការប្រកួតប្រជែងសម្រាប់ប្រើប្រាស់ទឹករវាងវារីវប្បកម្ម កសិកម្ម និងការប្រើប្រាស់ក្នុងគ្រួសារ។ ផលប៉ះពាល់បរិស្ថានទាំងនេះ មិនត្រឹមតែបំផ្លាញជម្រកធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យខ្ពស់ដល់ប្រជាជនដែលពឹងផ្អែកលើប្រភពទឹកទាំងនេះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផងដែរ។
ផលប៉ះពាល់បរិស្ថាននៃការបង្ហូរទឹកដោយមិនបានធ្វើប្រព្រឹត្តិកម្មមានលើសពីការខូចខាតប្រព័ន្ធអេកូឡូស៊ី ពោល គឺវាថែមទាំងដាក់បន្ទុកសេដ្ឋកិច្ចផ្សេងទៀតផងដែលពេលខ្លះមើលមិនទាន់ឃើញក្នុងពេលបច្ចុប្បន្ន។ ប្រភពទឹកត្រូវបំពុល នឹងធ្ចើ ឱ្យសហគមន៍ស្វែងទឹកពីប្រភពផ្សេងទៀត ដែលជារឿយៗត្រូវចំណាយប្រាក់ច្រើនជាងធម្មតា។ ទឹកដែលមានបញ្ហានឹងធ្វើឱ្យទិន្នផលផលដំណាំថយចុះ ចំណាយច្រើន នាំឱ្យប៉ះពាល់ទៅដល់ប្រាក់ចំណូល។ លើសពីនេះ នៅពេលដែលបទប្បញ្ញត្តិស្ដីពីគុណភាពទឹកកាន់តែតឹងរ៉ឹង ប្រតិបត្តិការវារីវប្បកម្មអាចនឹងប្រឈមមុខនឹងការចំណាយលើការអនុលោមតាមច្បាប់ ឬការរឹតត្បិតលើប្រតិបត្តិការនៅថ្ងៃអនាគត។
តើគេអាចធ្វើអ្វីបានខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ?
ទោះបីជាមានបញ្ហាមួយចំនួនក្នុងពេលបច្ចុប្បន្នដែលហាក់ដូចជាអវិជ្ជមាន ប៉ុន្តែការគ្រប់គ្រងបែបយុទ្ធសាស្ត្រ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា អាចផ្លាស់ប្តូរវិស័យវារីវប្បកម្មទៅរកនិរន្តរភាពកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការអនុវត្តប្រព័ន្ធរុក្ខវារីវប្បកម្ម (Aquaponics)។ ពិតណាស់ ប្រព័ន្ធរុក្ខវារីវប្បកម្មអាចក្លាយជាដំណោះស្រាយមួយឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកបរិស្ថាន និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងវារីវប្បកម្មខ្នាតតូចនៅតាមជនបទក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធនេះមានការរួមបញ្ចូលការចិញ្ចឹមត្រីជាមួយនឹងការដាំដុះដំណាំ តាមរយៈដំណើរការប្រព្រឹត្តិកម្មទឹក និងការប្រើប្រាស់ទឹកឡើងវិញក្នុងប្រព័ន្ធបិទជិត។ ជំនួសឱ្យការបង្ហូរទឹកកខ្វក់ពីស្រះចិញ្ចឹមត្រីចូលទៅក្នុងបរិស្ថាន ទឹកត្រូវបានបង្ហូរឆ្លងកាត់តាមលំដាប់លំដោយនៃផ្នែកចម្រោះ ដែលកាកសំណល់រឹងត្រូវបានយកចេញ។ បន្ទាប់មក សារធាតុចិញ្ចឹមដែលរលាយក្នុងទឹកត្រូវបានបំប្លែងតាមបែបជីវសាស្ត្រ ទៅជាជីហើយទឹកដែលបានចម្រោះរួចត្រូវបានយកទៅប្រើប្រាស់ឡើងវិញសម្រាប់ការដាំដំណាំ។ ការធ្វើបែបនេះ អនុញ្ញាតឱ្យវារីវប្បកម្ម និងកសិកម្មដំណើរការជាប្រព័ន្ធតែមួយ។
តើប្រព័ន្ធរុក្ខវារីវប្បកម្ម (Aquaponics) ដំណើរការយ៉ាងដូចម្តេច?
នៅក្នុងប្រព័ន្ធនេះ គឺធ្វើឡើងដោយការចិញ្ចឹមត្រីនៅក្នុងស្រះ ហើយទឹកនឹងសម្បូរដោយសារធាតុសរីរាង្គ និងសមាសធាតុអាសូតដែលបានមកពីកាកសំណល់របស់ត្រី ឬចំណីដែលនៅសល់ ក្លាយជាទឹកកខ្វក់។ ដំណាក់កាលដំបូង ទឹកកខ្វក់នោះត្រូវឆ្លងកាត់អាងចម្រោះ ដែលកាកសំណល់រឹងៗធ្ងន់ៗ ដូចជាលាមកត្រី និងកាកសំណល់ចំណី ត្រូវបានញែកចេញ។ បន្ទាប់មក វាហូរចូលទៅក្នុងអាងអុកស៊ីតកម្មជីវសាស្ត្រ ដែលនៅទីនោះ អាម៉ូញាក់ត្រូវបានបំប្លែងទៅជាទម្រង់អាសូតដែលមានជាតិពុលតិច តាមរយៈសកម្មភាពរបស់មីក្រូសារពាង្គកាយក្រោមលក្ខខណ្ឌដែលមានអុកស៊ីសែន។ ដំណាក់កាលចុងក្រោយ គឺការចម្រោះដោយប្រើថ្មភ្នំភ្លើង ដើម្បីធ្វើឱ្យគុណភាពទឹកកាន់តែមានស្ថិរភាព មុនពេលបញ្ជូនទឹកនោះទៅកាន់ផ្នែកដាំដុះដំណាំ។
ជម្រើសនៃការដាំដុះដំណាំលើទឹក ឬអ៊ីដ្រូប៉ូនិក (Hydroponic) ចំនួនពីរត្រូវបានណែនាំ៖ ទីមួយ៖ គឺការដាំដុះតាមប្រព័ន្ធបង្ហូរទឹកតិចៗ (Nutrient Film) ឬការដាំលើស្នោរបណ្តែត (Floating Raft) ការដាំដុះលើដី (Soil-based grow beds) ក៏អាចដាំបានសម្រាប់ស្ថានភាពដែលគុណភាពចំណី និងសារធាតុចិញ្ចឹមរបស់ត្រីមានការប្រែប្រួលខ្លាំង។ ការដាំដុះតាមប្រព័ន្ធបង្ហូរទឹកតិចៗ គឺដាំរុក្ខជាតិដោយការបង្ហូរទឹកដែលសម្បូរដោយសារធាតុចិញ្ចឹមតិចៗ រាក់ៗ (ជម្រៅ ២-៣ មីលីម៉ែត្រ) ជាបន្តបន្ទាប់ឱ្យកាត់តាមឫសរុក្ខជាតិក្នុងទម្រង់ជាចង្អូរមានជម្រាល។ ការដាំដុះលើស្នោរបណ្តែត គឺដាំរុក្ខជាតិក្នុងផើងសំណាញ់តូចលើស្នោដែលបណ្តែតផ្ទាល់ពីលើទឹកដែលមានសារធាតុចិញ្ចឹម។ ចំណែកឯការដាំលើរងដី គឺជាការយកដីដែលមានជីវជាតិ និងស្រោចស្រពទឹកដែលចម្រោះមានសារធាតុចិញ្ចឹម ឬជីដែលបានចម្រោះពីស្រះត្រីត្រឹមត្រូវ។
ជម្រើសនៃការដាំដុះដំណាំលើទឹក ឬអ៊ីដ្រូប៉ូនិក (Hydroponic) ចំនួនពីរត្រូវបានណែនាំ៖
គឺការដាំដុះតាមប្រព័ន្ធបង្ហូរទឹកតិចៗ (Nutrient Film) ឬការដាំលើស្នោរបណ្តែត (Floating Raft) គឺការដាំលើស្នោរបណ្តែត ការដាំដុះលើដី (Soil-based grow beds) ក៏អាចដាំបានសម្រាប់ស្ថានភាពដែលគុណភាពចំណី និងសារធាតុចិញ្ចឹមរបស់ត្រីមានការប្រែប្រួលខ្លាំង។ ការដាំដុះតាមប្រព័ន្ធបង្ហូរទឹកតិចៗ គឺដាំរុក្ខជាតិដោយការបង្ហូរទឹកដែលសម្បូរដោយសារធាតុចិញ្ចឹមតិចៗ រាក់ៗ (ជម្រៅ ២-៣ មីលីម៉ែត្រ) ជាបន្តបន្ទាប់ឱ្យកាត់តាមឫសរុក្ខជាតិក្នុងទម្រង់ជាចង្អូរមានជម្រាល។ ការដាំដុះលើស្នោរបណ្តែត គឺដាំរុក្ខជាតិក្នុងផើងសំណាញ់តូចលើស្នោដែលបណ្តែតផ្ទាល់ពីលើទឹកដែលមានសារធាតុចិញ្ចឹម។ ចំណែកឯការដាំលើរងដី គឺជាការយកដីដែលមានជីវជាតិ និងស្រោចស្រពទឹកដែលចម្រោះមានសារធាតុចិញ្ចឹម ឬជីដែលបានចម្រោះពីស្រះត្រីត្រឹមត្រូវ។
ប្រព័ន្ធរុក្ខវារីវប្បកម្មនេះផ្តល់ឱ្យនូវអាហារប្រូតេអ៊ីនតាមរយៈត្រី និងបន្លែស្រស់ៗក្នុងប្រព័ន្ធតែមួយ។ ត្រីផ្តល់នូវប្រភពប្រូតេអ៊ីនដ៏គួរឱ្យទុកចិត្តសម្រាប់របបអាហារ ខណៈដែលបន្លែស្លឹក និងដំណាំបន្លែផ្សេងៗដែលដាំដុះ រួមចំណែកដល់អាហារូបត្ថម្ភក្នុងគ្រួសារ និងអាចបង្កើនចំណូលបន្ថែម។ ដោយសារតែទឹកត្រូវបានប្រើប្រាស់ឡើងវិញជាបន្តបន្ទាប់ ប្រព័ន្ធនេះប្រើប្រាស់ទឹកតិចជាងឆ្ងាយ បើធៀបនឹងការចិញ្ចឹមត្រីតាមបែបប្រពៃណី ដែលស័ក្តិសមបំផុតសម្រាប់តំបន់ជនបទដែលខ្វះខាតទឹកតាមរដូវកាល។
តើនេះជាដំណោះស្រាយ ឬការបន្ថែមបន្ទុកការងារ?
កង្វល់ទូទៅមួយគឺ តើការរួមបញ្ចូលគ្នារវាងវារីវប្បកម្ម (ការចិញ្ចឹមត្រី) និងការដាំដុះដំណាំនេះ បង្កើតឱ្យមានការងារទ្វេដងដែរឬទេ? តាមការអនុវត្តជាក់ស្តែង ប្រព័ន្ធនេះអាចជួយកាត់បន្ថយជាជាងការបង្កើនបន្ទុកការងារទៅវិញទេ។ កសិករនៅប្រទេសកម្ពុជា ជាទូទៅតែងតែប្រកបរបរចិញ្ចឹមជីវិតច្រើនមុខក្នុងពេលតែមួយ ដូចជាការថែទាំស្រះត្រី ការដាំបន្លែ និងការធ្វើស្រែចម្ការជាដើម។ ប្រព័ន្ធរុក្ខវារីវប្បកម្ម (Aquaponics) មិនមែនជាការបន្ថែមបន្ទុក តែជាការបន្ថែមមុខរបរថ្មី និងធ្វើឱ្យមានខ្សែច្រវ៉ាក់ផលិតកម្មរវាងសកម្មភាពដែលមានស្រាប់។
ការប្រើប្រាស់កម្លាំងពលកម្មមានកម្រិតប្រហាក់ប្រហែលគ្នានឹងការចិញ្ចឹមត្រីតាមប្រពៃណីដូចគ្នា តែការដាំបន្លែផ្គួបកាន់តែធ្វើឱ្យការងារមានភាពស៊ីចង្វាក់គ្នា។ ជាជាងការបង្ហូរទឹកកខ្វក់ចោល និងការស្រោចស្រពដំណាំដោយឡែកពីគ្នា ប្រព័ន្ធនេះអាចគ្រប់គ្រងទឹក និងបង្កើតលំហូរដើម្បីធ្វើការទាំងពីរនេះបានក្នុងពេលតែមួយ។ ការងារប្រចាំថ្ងៃដូចជា ឱ្យចំណីត្រី តាមដានកម្រិតទឹក និងការប្រមូលផលបន្លែ អាចធ្វើឡើងនៅក្នុងប្រព័ន្ធនេះតែម្តង ជាជាងការធ្វើដាច់ដោយឡែកពីគ្នានៅតាមទីតាំងផ្សេងៗគ្នា។ សម្រាប់អ្នកប្រតិបត្តិខ្នាតតូច ការបង្រួបបង្រួមនេះអាចជួយកាត់បន្ថយពេលវេលា និងការធ្វើដំណើរចុះឡើងរវាងតំបន់ផលិតកម្មនីមួយៗទៀតផង។
តើប្រព័ន្ធនេះផ្តល់នូវភាពបត់បែនដល់ដំណើរការដែលមានទ្រង់ទ្រាយធំដែរឬទេ?
ក្នុងកម្រិតពាណិជ្ជកម្ម ផលធៀបរវាងថ្លៃដើមនិងអត្ថប្រយោជន៍ តម្រូវឱ្យមានការធ្វើពិសោធន៍ និងការគណនាបន្ថែមទៀត។ កសិដ្ឋានខ្នាតធំជារឿយៗមានស្រះច្រើន និងបញ្ចេញទឹកក្នុងបរិមាណដ៏ច្រើនជាទៀងទាត់ ដែលធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធទឹកវិលជុំពេញលេញ (full recirculation) មានប្រសិទ្ធភាពទាប បើធៀបនឹងវិធីសាស្ត្រប្រើប្រាស់សារធាតុចិញ្ចឹមឡើងវិញតាមបែបសាមញ្ញ។ ខណៈពេលដែលប្រតិបត្តិការខ្នាតគ្រួសារតូចៗទទួលបានអត្ថប្រយោជន៍ច្រើនជាងពីប្រព័ន្ធបិទជិត (closed-loop systems) ដែលជួយចាប់យកសារធាតុចិញ្ចឹមបានក្នុងកម្រិតអតិបរមា និងកាត់បន្ថយការប្រើប្រាស់ទឹក ប៉ុន្តែកសិដ្ឋានខ្នាតធំដែលមានផ្ទៃដីធំទូលាយ និងមានបរិមាណបញ្ចេញទឹកច្រើន អាចអនុវត្តវិធីសាស្រ្តប្រើប្រាស់សារធាតុចិញ្ចឹមឡើងវិញតាមបែបផ្សេងទៀត។
ក្នុងបរិបទបែបនេះ ប្រតិបត្តិករវារីវប្បកម្មខ្នាតធំអាចសហការជាមួយកសិករដាំស្រូវដែលនៅជិតខាង ដើម្បីកែច្នៃសារធាតុចិញ្ចឹមតកមកប្រើប្រាស់ឡើងវិញ ដោយបញ្ចេញទឹកពីស្រះត្រីដែលបានចម្រោះរួច ទៅក្នុងដីកសិកម្មដោយផ្ទាល់។ មុនពេលបញ្ចេញទឹក គេគួរធ្វើការរងកកករទឹក (sedimentation) សិន ដើម្បីទប់កាកសំណល់រឹងដែលអណ្តែតក្នុងទឹក និងកាត់បន្ថយសារធាតុសរីរាង្គ ដែលបង្ការកុំឱ្យមានភក់កកកុញខ្លាំងពេក។ ទោះបីជាការបញ្ចេញខ្យល់ (aeration) និងដំណើរការបំប្លែងនីត្រូសែន (nitrification) អាចជួយបំប្លែងអាម៉ូញាក់ទៅជានីត្រាត (nitrate) បន្ថែមទៀតក៏ដោយ ប៉ុន្តែស្រែដែលលិចទឹកបានដើរតួជាប្រព័ន្ធចម្រោះជីវសាស្ត្ររួចជាស្រេចទៅហើយ ដោយមីក្រូសារពាង្គកាយក្នុងដី និងឫសរុក្ខជាតិអាចបំប្លែង និងស្រូបយកសមាសធាតុអាសូតតាមបែបធម្មជាតិ។អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់នៅតែរក្សានៅដដែល គឺការបំប្លែងសារធាតុចិញ្ចឹមពីកាកសំណល់ទៅជាតម្លៃកសិកម្ម ជាជាងការចាត់ទុកវាជាបញ្ហាកាកសំណល់ដែលត្រូវបោះចោល។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្របច្ចេកទេសដែលល្អបំផុតនឹងមានភាពខុសគ្នា អាស្រ័យទៅលើទំហំនៃប្រតិបត្តិការ។
តើអ្វីទៅជាការវិភាគលើចំណាយ និងអត្ថប្រយោជន៍នៃប្រព័ន្ធនេះ?
ដូចគ្នានឹងការបង្កើតថ្មីក្នុងវិស័យកសិកម្មផ្សេងទៀតដែរ ការសម្រេចចិត្តជ្រើសរើសយកប្រព័ន្ធកសិកម្ម-វារីវប្បកម្មចម្រុះ (integrated aquaculture-agriculture systems) មកអនុវត្ត តម្រូវឱ្យមានការពិចារណាឱ្យបានហ្មត់ចត់លើការចំណាយ និងអត្ថប្រយោជន៍ដែលជាក់ស្តែងទៅតាមបរិបទនៃប្រតិបត្តិការនីមួយៗ។
ប្រព័ន្ធរុក្ខវារីវប្បកម្ម (Aquaponic) តម្រូវឱ្យមានការវិនិយោគដំបូងខ្ពស់លើសម្ភារៈសាងសង់ ដូចជា អាងចិញ្ចឹមត្រី បំពង់ទឹក រានដាំដុះ និងឧបករណ៍ចម្រោះទឹកជាដើម។ទោះបីជាការចំណាយទាំងនេះភាគច្រើនជាដើមទុនដែលចំណាយតែមួយលើកក៏ពិតមែន ប៉ុន្តែប្រព័ន្ធនេះក៏មានការចំណាយប្រចាំលើចរន្តអគ្គិសនី និងតម្រូវការប្រតិបត្តិការផ្សេងៗទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការចំណាយបន្ថែមទាំងនេះត្រូវបានទូទាត់មកវិញតាមរយៈការសន្សំសំចៃលើចំណុចជាច្រើនដូចជា៖ ការកាត់បន្ថយការទិញជី ការកាត់បន្ថយការប្រើប្រាស់ទឹក និងការកាត់បន្ថយហានិភ័យនៃជម្លោះពាក់ព័ន្ធនឹងបញ្ហាទឹក ឬបញ្ហាបទប្បញ្ញត្តិ ដែលកត្តាទាំងអស់នេះផ្តល់នូវអត្ថប្រយោជន៍សរុបប្រចាំឆ្នាំយ៉ាងច្រើន។
លើសពីនេះទៅទៀត ទីផ្សារបន្លែសរីរាង្គក្នុងប្រទេសកម្ពុជា កំពុងឈានចូលដល់ដំណាក់កាលរីកលូតលាស់យ៉ាងឆាប់រហ័ស។ ដោយសារការយល់ដឹងពីបញ្ហាសុខភាពកាន់តែខ្លាំង និងការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារជាពិសេសសម្រាប់ប្រជាជនរស់នៅទីក្រុងនានា ដូចជារាជធានីភ្នំពេញ តម្រូវការនេះបានជំរុញឱ្យកសិករងាកមកអនុវត្តវិធីសាស្ត្រដាំដុះបែបសរីរាង្គ ដើម្បីទទួលបានតម្លៃខ្ពស់លើទីផ្សារ។
ប្រទេសកម្ពុជាបានពង្រឹងបទប្បញ្ញត្តិស្តីពីការបង្ហូរទឹកកខ្វក់យ៉ាងម៉ត់ចត់ ជាពិសេសតាមរយៈ ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ឆ្នាំ ២០២៤ ដែលមានគោលដៅកាត់បន្ថយការបំពុលឱ្យបាន ៥០% នៅត្រឹមឆ្នាំ ២០៣០ យោងតាមក្រសួងបរិស្ថាន។ ទោះបីជាតាមវិធីសាស្ត្រសាមញ្ញ និងមានតម្លៃទាបក៏ដោយ ការៀបចំប្រព័ន្ធប្រព្រឹត្តិកម្មទឹកតាំងពីដំបូងក៏ជួយឱ្យកសិករមានភាពត្រៀមលក្ខណៈរួចរាល់សម្រាប់ការកំណត់នៃបទប្បញ្ញត្តិនាពេលអនាគត ដែលអនុញ្ញាតឱ្យពួកគេជៀសផុតពីការផាកពិន័យ ឬការរអាក់រអួលក្នុងប្រតិបត្តិការដែលមិនបានគ្រោងទុកជាមុន។
តើប្រព័ន្ធនេះផ្តល់អត្ថប្រយោជន៍សមធម៌សង្គមអ្វីខ្លះ?
ក្រៅពីអត្ថប្រយោជន៍ផ្នែកបរិស្ថាន ប្រព័ន្ទនេះជួយលើកកម្ពស់ដល់សមធម៌សង្គម តាមរយៈការបង្កើនផលិតភាពនៃបន្លែតាមគេហដ្ឋានដែលគ្រប់គ្រងដោយស្ត្រី និងកាត់បន្ថយបន្ទុកពលកម្មដែលពាក់ព័ន្ធនឹងការដាំដុះបន្លែតាមបែបប្រពៃណី។ ហេតុនេះហើយវាបានជួយដោះស្រាយបញ្ហា ភាពក្រីក្រតាមរយៈការកាត់បន្ថយពេលវេលាធ្វើការ ដែលបណ្តាលមកពីកត្តាយេនឌ័រនៅក្នុងសហគមន៍ជនបទ។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម។ ជាការជាក់ស្តែង ស្ត្រីនៅជនបទជាង ៥២% បំពេញការងារកសិកម្មដែលទទួលបានប្រាក់កម្រៃ។ ផ្ទុយទៅវិញ ស្ត្រីនៅជនបទ ២០.៩% និងបុរសនៅជនបទ ៩.៧% បំពេញការងារកសិកម្មដោយមិនទទួលបានប្រាក់កម្រៃ។ ជាលទ្ធផល ស្ត្រីតំណាងឱ្យចំណែកខ្ពស់ជាងបុរសយ៉ាងខ្លាំង ក្នុងនាមជាអ្នកធ្វើការក្នុងគ្រួសារដោយមិនទទួលបានប្រាក់កម្រៃ យោងតាមក្រសួងកិច្ចការនារី ២០២៤ (MoWA 2024)។
គម្លាតយេនឌ័រនេះ ជារឿយៗធ្វើឱ្យស្ត្រីត្រូវរ៉ាប់រង “បន្ទុកទ្វេដង” ទាំងការងារកសិកម្ម និងការទទួលខុសត្រូវក្នុងផ្ទះ ដែលធ្វើឱ្យពួកគេមានភាពលំបាកក្នុងការបន្តការសិក្សា។ តាមរយៈការលុបបំបាត់តម្រូវការប្រើប្រាស់ជីគីមីដែលមានតម្លៃថ្លៃ និងអាចបង្កគ្រោះថ្នាក់ ប្រព័ន្ធរុក្ខវារីវប្បកម្ម ផ្តល់នូវការសន្សំសំចៃហិរញ្ញវត្ថុ កាត់បន្ថយតម្រូវការកម្លាំងពលកម្ម និងជួយឱ្យមានពេលវេលាទំនេរសម្រាប់វិនិយោគលើការសិក្សារបស់កូនៗ ឬការសម្រាកដែលចាំបាច់ ដែលទាំងនេះនឹងជួយកែលម្អគុណភាពជីវិតទូទៅរបស់ស្ត្រីយ៉ាងខ្លាំង។
គោលនយោបាយជាតិរបស់កម្ពុជា កំពុងបង្កើនការយកចិត្តទុកដាក់លើការជួយស្ត្រីក្នុងការផ្លាស់ប្តូរពីកសិកម្មបែបចិញ្ចឹមជីវិត ទៅជាអាជីវកម្មសរីរាង្គដែលមានតម្លៃខ្ពស់និងមានលក្ខណៈប្រកួតប្រជែង។ តាមរយៈផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៥ និងទី៦ យោងតាមក្រសួងកិច្ចការនារី ២០២៤ (MoWA 2024) រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការពង្រឹងការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តល់នូវប្រព័ន្ធគាំទ្រហិរញ្ញវត្ថុដល់ពួកគេ។ ឱកាសទាំងនេះ ធ្វើឱ្យស្ត្រីអាចឈានចេញពីកសិកម្មបែបចិញ្ចឹមជីវិត ទៅកាន់ការធ្វើជាម្ចាស់អាជីវកម្ម ពង្រីកទស្សនវិស័យរបស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេស្វែងរកការច្នៃប្រឌិតថ្មីៗនៅក្នុងវិស័យកសិកម្ម។
វារីវប្បកម្ម + ការដាំបន្លែលើទឹក = រុក្ខវារីវប្បកម្ម៖ អាចជាប្រភពអាហារដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជាឬទេ?
រាល់ដំណោះស្រាយទាំងអស់តែងតែមកទន្ទឹមគ្នាជាមួយនឹងអត្ថប្រយោជន៍ និងផលប៉ះពាល់ជានិច្ច។ ហេតុដូច្នេះហើយ ការប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នាដើម្បីបានប្រយោជន៍ច្រើនបំផុតតាមតែអាចធ្វើបាន គឺជាការចាំបាច់ ដើម្បីធានាបាននូវការការពារទាំងជីវភាពរស់នៅ និងបរិស្ថាន។ ខណៈពេលដែលវារីវប្បកម្មដើរតួជាការឆ្លើយតបយ៉ាងរហ័សចំពោះការធ្លាក់ចុះនៃចំនួនត្រីធម្មជាតិ ប្រព៍ន្ធច្នៃប្រឌិតថ្មីៗដូចជា រុក្ខវារីវប្បកម្មផ្តល់នូវវិធីសាស្ត្រមួយដែលអាចបន្តការឆ្លើយតបតាមតម្រូវការ និងអាចកាត់បន្ថយហានិភ័យទាំងនេះ។ ជាចុងក្រោយ ការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា នឹងតម្រូវឱ្យមានដំណើរការនៃការពិសោធន៍ ការរៀនសូត្រ និងការបត់បែនជាបន្តបន្ទាប់ ដើម្បីធានាបាននូវភាពធន់ក្នុងរយៈពេលវែង។
