ដោយ ជា សំអៀង

នៅជុំវិញពិភពលោក ស្ត្រីចូលរួមយ៉ាងខ្លាំងនៅក្នុងខ្សែច្រវាក់តម្លៃនៃវារីវប្បកម្ម ប៉ុន្តែទោះជាយ៉ាងណាស្រ្តីក៏នៅតែប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិ ជាភ្នាក់ងារ និងតួនាទីជាអ្នកដឹកនាំ។ កម្មវិធីផ្លាស់ប្តូរយេនឌ័រ បង្ហាញថាការផ្តល់ការបណ្តុះបណ្តាល ការរៀបចំជាក្រុម និងបច្ចេកវិទ្យាសមស្របអាចធ្វើអោយមានការប្រសើរឡើងទាំងជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគេ (St. Louis 2022; Adam 2024)។
នៅក្នុងប្រទេសកម្ពុជា ស្ត្រីបានដើរតួនាទីយ៉ាងសកម្ម ប៉ុន្តែជីវភាពរស់នៅពួកគេហាក់នៅតែប្រឈមនឹងបញ្ហា នៅតាមឆ្នេរសមុទ្រដែលផ្តើតលើរបរពីការរកតាមព្រៃកោងកាង និងជលផល។ ប៉ុន្តែភស្តុតាងបង្ហាញសញ្ញាល្អពីការរួមបញ្ចូលគ្នារវាងប្រព័ន្ធចិញ្ចឹមបង្គា-កោងកាង (Landesa)។ ការរួមចំណែករបស់ស្ត្រីគាំទ្រដល់សុខភាពប្រព័ន្ធអេកូឡូស៊ី និងការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារ បើទោះបីជាបទដ្ឋានសង្គមកំណត់ការចូលរួមពួកគេក៏ដោយ។ នៅក្នុងការចិញ្ចឹមវារីវប្បកម្មខ្នាតតូចនៃភាគអាគ្នេយ៍ និងភាគឦសាននៃប្រទេសកម្ពុជា ស្ត្រីតែងធ្វើកិច្ចការកសិកម្មប្រចាំថ្ងៃភាគច្រើន ដូចជាការផ្តល់ចំណី ការគ្រប់គ្រងស្រះ ទីផ្សារ និងការរក្សាកំណត់ត្រា ហើយជារឿយៗរួមចំណែកច្រើនជាងបុរសក្នុងប្រតិបត្តិការកសិដ្ឋាន និងការសម្រេចចិត្តអាហារូបត្ថម្ភតាមគ្រួសារ (Seila 2016)។
ការចិញ្ចឹមត្រីឬបង្គាក្នុងទ្រុងនៅតាមសមុទ្រ ស្ត្រីដើរតួនាទីស្ទើរគ្រប់ខ្សែច្រវាក់ផលិតកម្ម រួមមាន ជាកសិករ អ្នកផ្គត់ផ្គង់ធាតុចូល និងពាណិជ្ជករ ជាមួយនឹងការចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារក្នុងស្រុក ចំណែកបុរសគ្រប់គ្រងលើការលក់ដុំ និងនេសាទជាចំណី – «ត្រីកម្រិតទាប ឬត្រីដែលមានតម្លៃទាប» (Larson 2022)។
ឧទាហរណ៍ ផលប៉ះពាល់នៃក្រុមកែច្នៃជលផលស្ត្រីពាមក្រសោប (UN Cambodia 2024) ដែលស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការដាំដុះ និងផលិតបង្គា វាបានផ្តល់ផលលើសពីការពង្រឹងសេដ្ឋកិច្ច ឆ្ពោះទៅរកទំនុកចិត្តរបស់សហគមន៍ និងកាត់បន្ថយករណីនៃអំពើហិង្សាក្នុងគ្រួសារ។ ដូចដែលប្រភពបានបង្ហាញការអនុញ្ញាតឱ្យស្ត្រីចូលរួមក្នុងការដាំដុះ និងផលិតបង្គា វាបានជួយដោះស្រាយវិសមភាពយេនឌ័រ បម្រើជាកម្លាំងផ្លាស់ប្តូរ និងការបង្កើតអត្ថប្រយោជន៍សំខាន់ៗនៅទូទាំងខ្សែសង្វាក់តម្លៃទាំងមូល ព្រមទាំងបង្កើតការចូលរួមនយោបាយ (UN Cambodia 2024)។
ទោះជាយ៉ាងនេះក្តី វាហាក់នៅមិនច្បាស់ថាហេតុអ្វីបានជាមានរបាំង ឬរនាំងដែលមិនអាចធ្វើឱ្យមានសមាហរណកម្មរបស់ស្ត្រីចូលទៅក្នុងប្រព័ន្ធចិញ្ចឹមបង្គា-កោងកាងនៅកម្ពុជា ឲ្យកាន់តែមានបរិយាបន្ន។ អត្ថបទនេះនឹងព្យាយាមវិភាគ និងណែនាំពីវិធីដែលស្ត្រីកម្ពុជាអាចចូលរួម និងបញ្ចូលទៅក្នុងប្រព័ន្ធចិញ្ចឹមបង្គា-កោងកាង ឲ្យកាន់តែមានផលិតភាព និងសុខដុមរមនា។
វារីវប្បកម្ម និងគម្លាតសមធម៌យេនឌ័រដែលត្រូវគិតគូរ
ប្រទេសកម្ពុជាបានប្រឈមមុខនឹងឧបសគ្គសេដ្ឋកិច្ចដ៏ធំសម្បើមនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដូចជា ភាពក្រីក្រ អសន្តិសុខស្បៀង ការថយចុះធនធានធម្មជាតិ និងកង្វះបច្ចេកវិទ្យាកសិកម្ម និងនេសាទជាដើម។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចចាប់ផ្តើមប្រសើរឡើង ចាប់តាំងពីពេលនោះមក ដោយសារមួយផ្នែកនៃការអភិវឌ្ឍន៍វារីវប្បកម្ម។ ឧទាហរណ៍ ទិន្នផលវារីវប្បកម្មបានកើនឡើងពី ១៤៤៣០ តោនក្នុងឆ្នាំ ២០០០ ដល់ ៣៤៨,៣៥០ តោនក្នុងឆ្នាំ ២០២១ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ១៦.៣៧% ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧៧៦,៦៧៧ តោននៅឆ្នាំ ២០៣០ (Lindgren 2025)។
ដោយសង្ខេបនៅក្នុងប្រទេសកម្ពុជា វារីវប្បកម្មត្រូវបានចាត់ថ្នាក់ជាទឹកសាប និងសមុទ្រ ដោយផ្តោតខ្លាំងលើការចិញ្ចឹមតាម ទ្រុង បែរ និងស៊ង។ សកម្មភាពទាំងនេះត្រូវបានបែងចែកជាខ្នាតតូច មធ្យម និងខ្នាតធំ ដោយផ្អែកលើទំហំផលិតកម្ម (FAO Cambodia 2026)។ ប្រព័ន្ធវារីវប្បកម្មទឹកសាបផ្សេងៗគ្នាជាច្រើនត្រូវបានប្រើប្រាស់នៅ ២០ ខេត្តក្រុង។ របៀបទាំងនោះរួមមាន ទ្រុងអណ្តែតទឹក បែរ ស្រះ សហករណ៍ស្រូវ-ត្រី និងការចិញ្ចឹមបែបផែនផ្សេងទៀតនៅក្នុងអាងទឹកតូចៗ ឬនៅក្នុងជលផលឧស្សាហកម្មផ្អែកលើវារីវប្បកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍វារីវប្បកម្មតាមឆ្នេរហាក់មានសភាពតិចតួចនៅឡើយ (Lang 2015)។ បន្ថែមទៅទៀតវិស័យវារីវប្បកម្មនៅកម្ពុជា ហាក់នៅក្មេងខ្ចីនៅឡើយក្នុងវិស័យវារីវប្បកម្ម បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។
ដូចដែលបានបញ្ជាក់រួចមកហើយ តួនាទីរបស់ស្ត្រីនៅក្នុងប្រព័ន្ធចិញ្ចឹមបង្គា-កោងកាង នៅតែមានកម្រិត ដែលចាំបាច់ត្រូវពង្រឹងនិងពង្រីក។ ជាឧទាហរណ៍ នៅក្នុងវិស័យជលផលនៅតំបន់ដីសើមកម្ពុជា សំឡេងរបស់ស្ត្រីមានកម្រិតខ្លាំងនៅក្នុងគ្រួសារ ប៉ុន្តែនៅតែស្ថិតក្នុងប្រអប់ «បន្ទាប់បន្សំ» នៅក្នុងស្ថាប័នថ្នាក់ឃុំ ស្រុក និងថ្នាក់ជាតិ ដោយសារតែតួនាទីមិនច្បាស់លាស់ ឧបសគ្គធនធាន និងឱកាស (Resurreccion 2006; Thuon 2023)។
ដូចគ្នាដែរ ស្ត្រីជារឿយៗប្រឈមមុខនឹងបទដ្ឋានសង្គម និងការយល់ឃើញដែលកំណត់ការចូលរួមរបស់ពួកគេក្នុងការអភិរក្សព្រៃកោងកាង។ បទដ្ឋានទាំងនេះអាចដាក់កម្រិតលើតួនាទីរបស់ពួកគេជាពិសេសការកាត់បន្ថយភាពសកម្ម និងឥទ្ធិពល របស់ពួកគេក្នុងកិច្ចការពារអភិរក្សសាធារណៈ (Thuon 2023)។ បន្ថែមទៅទៀត នៅតាមស្ថាប័ន តួនាទីស្ត្រីនៅតែមានភាពមិនច្បាស់លាស់ និងមានអត្ថន័យ។ ក្នុងក្របខណ្ឌអភិរក្សព្រៃកោងកាង ការចូលរួមរបស់ស្រ្តីហាក់តិចតួចបំផុតក្នុងដំណើរការធ្វើការសម្រេចចិត្ត។ ជាលទ្ធផល កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១០៦ ក្នុងចំណោមប្រទេសចំនួន ១៤៨ ក្នុងសន្ទស្សន៍គម្លាតយេនឌ័រសកលឆ្នាំ ២០២៥ ដែលចុះផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF 2025)។
ទោះជាយ៉ាងណាក៏ដោយ ក្របខណ្ឌច្បាប់ដែលទទួលស្គាល់តួនាទីរបស់ស្ត្រីក្នុងវារីវប្បកម្មនៅតែជាសញ្ញាល្អ។ ជាឧទាហរណ៍ ក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់ជលផល (SPF) ២០១៥-២០២៤ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងរដ្ឋបាលជលផល (FiA) មានគោលបំណងធានាឱ្យមានការនេសាទ និងវារីវប្បកម្មប្រកបដោយនិរន្តរភាព។ ផែនការនេះក៏បង្ហាញគោលដៅ «ដើម្បីធានាថាស្ត្រីនៅតាមជនបទដើរតួនាទីយ៉ាងសកម្មក្នុងវិស័យនេះ និងទទួលបានអត្ថប្រយោជន៍ដោយសមធម៌ ព្រមទាំងទទួលស្គាល់តួនាទីសំខាន់ៗដែលស្ត្រីនៅក្នុងវិស័យជលផល» (FiA 2011)។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តគោលនយោបាយបែបនេះតម្រូវឱ្យមានការយល់ដឹងអំពីគុណតម្លៃនិងតួនាទីរបស់យុវជន ស្ត្រី និងបុរស នៅក្នុងខ្សែច្រវាក់ផលិតកម្មទាំងនេះ។
ការចិញ្ចឹមបង្គា-កោងកាង៖ វិធីសាស្ត្រឈ្នះ?
ការចិញ្ចឹមបង្គាក្នុងប្រទេសកម្ពុជា សំដៅលើប្រព័ន្ធវារីវប្បកម្មទ្រង់ទ្រាយធំ ដែលអាងចិញ្ចឹមបង្កងឬបង្គា ស្ថិតនៅខាងក្នុង ឬជិតព្រៃកោងកាង។ វាកើតឡើងភាគច្រើននៅក្នុងខេត្តជាប់មាត់សមុទ្រដូចជា កោះកុង កំពត កែប និងព្រះសីហនុ (Veettil 2019)។ ព្រៃកោងកាងដុះនៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៤៤០ គីឡូម៉ែត្ររបស់ប្រទេសកម្ពុជា ដែលរីករាលដាលពាសពេញខេត្តទាំងបួនខាងលើ (Nop 2017)។ យ៉ាងណាក៏ដោយ នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋានព្រៃកោងកាង មិនត្រឹមតែជារុក្ខជាតិ ឬដើមឈើប៉ុណ្ណោះទេ ។ វាមិនមែនត្រឹមតែលើកកម្ពស់ផលិតកម្មនេសាទ លើកកំពស់តម្លៃសេដ្ឋកិច្ច និងការរួមចំណែកដល់ប្រាក់ចំណូលគ្រួសាររបស់ពួកគេ (Seary 2021) ប៉ុន្តែពួកវាក៏ដើរតួនាទីជាឧបករណ៍ចម្រុះសម្រាប់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ (Lang 2015)។ ហេតុដូច្នេះ ព្រៃកោងកាងមានធនធានអេកូឡូស៊ី និងសេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាផ្តល់ការការពារប្រឆាំងនឹងការហូរច្រោះតាមឆ្នេរសមុទ្រ និងបម្រើជាកន្លែងចិញ្ចឹមត្រី សំបកខ្យង បក្សី និងបង្គា។
ការប្រមូលផលបង្គានៅកម្ពុជានៅតែមានទំហំតូចជាងប្រទេសជិតខាងដូចជាវៀតណាម និងថៃ ប៉ុន្តែវាមានប្រវត្តិខុសប្លែកគ្នានៅតាមឆ្នេរសមុទ្ររបស់ប្រទេស ហើយត្រូវបានផ្សព្វផ្សាយតាមកាលកំណត់ក្នុងការអភិវឌ្ឍន៍វារីវប្បកម្មនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផលបង្គាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជម្រកព្រៃកោងកាង។
ឧទាហរណ៍ Veettil (2019) បានសន្និដ្ឋានថា មូលហេតុចម្បងបីនៃការកាប់បំផ្លាញព្រៃកោងកាងនៅកម្ពុជា (ការធ្វើស្រែអំបិល ការផលិតធ្យូង និងការចិញ្ចឹមបង្គា)។ ជាលទ្ធផល ការកាប់បំផ្លាញព្រៃកោងកាងសម្រាប់បង្កើតបែរចិញ្ចឹម រួមនឹងការផលិតអំបិល និងធ្យូង ដែលជាកត្តាជំរុញដ៏សំខាន់នៃការបាត់បង់ព្រៃកោងកាង ៤២% របស់កម្ពុជា (ចាប់ពីឆ្នាំ ១៩៨៩-២០១៧) នៅក្នុងខេត្តទាំងបួននេះ។ ហើយដោយសារព្រៃកោងកាងជាព្រៃដែលសម្បូរកាបូន ការបញ្ចេញកាបូនពណ៌ខៀវ (ឧ. កាបូននៅតាមឆ្នេរ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ) បានកើនឡើងយ៉ាងខ្លាំងជាលទ្ធផលនៃការបំផ្លាញព្រៃកោងកាងនេះ។
ទោះជាយ៉ាងណាក៏ដោយ មានវិធីសាស្រ្តឈ្នះទ្វេរៗដង ដែលកើតឡើយដោយការដាំកោងកាង និងចិញ្ចឹមបង្គារួមបញ្ចូលគ្នា ដែលត្រូវបានគេស្គាល់ថាជាវារីវប្បកម្មសរីរាង្គបានលេចចេញជាដំណោះស្រាយដ៏ជោគជ័យមួយចំពោះការបំភាយកាបូនពណ៌ខៀវ (Ahmed 2018)។ នៅទូទាំងពិភពលោក ប្រព័ន្ធ «វារីវប្បកម្មព្រៃកោងកាង» (IMA) ត្រូវបានផ្សព្វផ្សាយថាអាចផ្តល់និរន្តរភាព ។ ក៏ប៉ុន្តែក៏មានលេចឮជារឿយៗអំពីផលប៉ះពាល់ដល់សេវាកម្មជីវចម្រុះ និងប្រព័ន្ធអេកូដែលទាក់ទងនឹងព្រៃកោងកាង ប្រសិនបើមិនមានការគ្រប់គ្រងតឹងរ៉ឹងនោះទេ (McSherry 2023)។
លើសពីនេះ ការអនុវត្តន៍ជាក់ស្តែងឬមេរៀនពិសេសមួយដែលអាចសិក្សាបានដែលកើតចេញពីការស្រាវជ្រាវដោយការធ្វើវិធីស្ទង់មតិនៅខេត្ត Ca Mau ប្រទេសវៀតណាម។ នៅទីនោះ អ្នកស្រាវជ្រាវបានស្ទង់មតិលើ ៩៨ គ្រួសារ។ ការសិក្សារបស់ពួកគេបានរកឃើញថា ការរួមបញ្ចូលព្រៃកោងកាងជាមួយនឹងការចិញ្ចឹមបង្គានៅក្នុងប្រព័ន្ធវារីវប្បកម្មព្រៃកោងកាង (MAS) ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ទាំងនេះរួមមានសមាមាត្រតម្លៃអត្ថប្រយោជន៍ខ្ពស់បំផុត ការចំណាយលើការវិនិយោគទាបដែលធ្វើឱ្យ MAS សមរម្យសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាប និងអត្ថប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថានបន្ថែម ដូចជាការកាត់បន្ថយកាបូន ។ បន្ថែមទៅទៀតវាក៏បានបង្ហាញពីហានិភ័យតិចជាងបើប្រៀបធៀបទៅនឹងប្រព័ន្ធផ្សេងទៀតនេះបើយោងតាម (Nguyen 2022)។
ការចិញ្ចឹមបង្គាកោងកាង៖ មាគ៌ាឆ្ពោះទៅមុខសម្រាប់ស្ត្រី
នៅក្នុងវិស័យវារីវប្បកម្មខ្នាតតូចនៅកម្ពុជា ស្ត្រីចូលរួមចំណែកច្រើនជាងបុរសស្ទើរគ្រប់សកម្មភាពទាំងអស់ (Seila 2016)។ បើយោងតាមអ្នកស្រាវជ្រាវ Thuon (2023) បានមើលឃើញពីការកើនឡើងនៃគោលនយោបាយលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តនិងការគ្រប់គ្រងធនធាន ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តគោលនយោបាយទាំងនេះនៅតែមិនស៊ីសង្វាក់គ្នា និងគ្មានប្រសិទ្ធភាព (ជាពិសេសនៅថ្នាក់ឃុំ ស្រុក និងថ្នាក់ជាតិ)។ ការបង្ហាញនេះស្របនឹងអ្វីដែលសហនិពន្ធផ្សេងទៀតលើកឡើង ដែលថាការចិញ្ចឹមវារីវប្បកម្ម និងត្រី ធ្វើជាលក្ខណៈគ្រួសារភាគច្រើន ហើយកម្លាំងពលកម្មរបស់ស្ត្រីគឺជាចំណុចកណ្តាល ប៉ុន្តែជារឿយៗហាក់មិនត្រូវបានផ្តល់តម្លៃ (Joffre 2021)។
ទោះបីជាការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពព្រៃកោងកាងនៅមានកម្រិត និងមានការវាយតម្លៃតិចតួចក៏ដោយ ជាក់ស្តែងស្ត្រីមានចំណាប់អារម្មណ៍ខ្លាំងលើការអភិរក្សព្រៃកោងកាង ពីព្រោះប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងមានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ស្ត្រី។ ក្តាម ខ្យង បង្គា និងត្រីក្នុងទឹករាក់គឺស្ថិតក្នុងចំណោមធនធានដែលទាក់ទងនឹងព្រៃកោងកាង ដែលស្ត្រីជាច្រើននៅក្នុងសហគមន៍នេសាទតាមឆ្នេរសមុទ្រពឹងផ្អែកលើដើម្បីផ្គត់ផ្គង់អាហារគ្រួសារ និងរកប្រាក់ចំណូល។ ជាឧទាហរណ៍ យោងតាមករណីសិក្សាគួរឱ្យកត់សម្គាល់ ស្ត្រីនៅលើកោះកាពិបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការការពារព្រៃកោងកាង និងបណ្តុះកូនកោងកាង ព្រមទាំងបានចែករំលែករឿងរ៉ាវរបស់ពួកគេអំពីរបៀបដែលដើមកោងកាងផ្តល់ឱ្យពួកគេ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍នូវ «ប្រភពចំណូល និងឯករាជ្យភាព» (IUCN 2025)។
លើសពីនេះ របាយការណ៍ឆ្នាំ ២០២៤ ស្តីពី «យេនឌ័រក្នុងសហគមន៍នេសាទ និងការគ្រប់គ្រងព្រៃកោងកាងនៅកម្ពុជា» បានសង្កត់ធ្ងន់ថា ជីវភាពរបស់ស្ត្រីនៅក្នុងសហគមន៍នេសាទ (CFis) រងផលអវិជ្ជមានកម្រិតច្រើនជាងបុរស ដែលការណ៍នេះវាអាចជះឥទ្ធិពលអវិជ្ជមាន ដល់ភាពធន់របស់ស្ត្រីចំពោះការប្រឈមនឹងបំប្រែបំប្រួលអាកាសធាតុ។ ក្នុងន័យហេតុផលនេះ ឆន្ទះនឹងកិច្ចគាំទ្រគាំពារពីរដ្ឋាភិបាលគឺចាំបាច់ ត្រូវតែអនុត្តន៍ដើម្បីបង្កើនឱកាសការងារសម្រាប់ស្ត្រីដើម្បីបំពេញតម្រូវការ និងចំណូលចិត្តរបស់ពួកគេ (Landesa)។
អ្វីដែលគួរឱ្យចាប់អារម្មណ៍អ្នកស្រាវជ្រាវ Nhem & Lee (2019) បានបង្ហាញ និងជំរុញថា តួនាទីស្ត្រីរបស់កម្ពុជាត្រូវតែផ្លាស់ប្តូរពីអ្នកប្រើប្រាស់ធនធានអកម្ម ទៅជាអ្នកធ្វើការសម្រេចចិត្តដែលមានអំណាច និងសកម្ម។ ដើម្បីសម្រេចបាននូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការសិក្សាណែនាំថា «សកម្មភាពរួម» ដែលអាចនាំមកនូវភាពជោកជ័យ លុះត្រាតែស្ត្រីត្រូវបានដាក់បញ្ចូលទៅក្នុងតួនាទីជាអ្នកដឹកនាំតាមរយៈការកសាងសមត្ថភាព កូតាការងារ និងការបង្កើនការចូលរួមនៅក្នុងសិក្ខាសាលា និងវេទិកាគោលនយោបាយផ្សេងៗ។
សេចក្តីសន្និដ្ឋាន
ទាក់ទងនឹងការចិញ្ចឹមបង្គា-កោងកាងនៅក្នុងប្រទេសកម្ពុជា ភស្តុតាងដែលមានស្រាប់បង្ហាញថាស្ត្រីគឺជាចូលករដ៏សំខាន់ ដែលពួកគេដើរតួនាទីជាអ្នកទីផ្សារ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ ប៉ុន្តែពួកគេត្រូវបានប្រឈមមុខ យ៉ាងលំបាកជាមួយនឹងសិទ្ធិធ្វើការសម្រេចចិត្ត នៅថ្នាក់សហករណ៍ និងការគ្រប់គ្រងព្រៃកោងកាង។ ការរៀបចំប្រព័ន្ធកសិកម្មឱ្យមានសមធម៌ ទាមទារឱ្យមានការរួមបញ្ចូលស្ត្រីនៅក្នុងក្រុមអ្នកផលិត ស្ថាប័នគ្រប់គ្រងរួមគ្នា ការបណ្តុះបណ្តាល និងយន្តការចែករំលែកអត្ថប្រយោជន៍។ ជាងនេះទៅទៀត ស្ត្រីដើរតួយ៉ាងសំខាន់ ប៉ុន្តែជារឿយៗមិនត្រូវបានទទួលស្គាល់ចំពោះសិទ្ធិនឹងតួនាទីសកម្មរបស់ពួកគេក្នុងការការពារព្រៃកោងកាងនៅក្នុងប្រទេសកម្ពុជា។ បញ្ចូលស្រ្តីក្នុងការដើរតួជាអ្នកមើលការខុសត្រូវប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្រ តាមរយៈសកម្មភាពអភិរក្ស ការតស៊ូមតិសហគមន៍ និងការបញ្ជូនចំណេះដឹងអេកូឡូស៊ីក្នុងស្រុកវាពិតជាមានសារសំខាន់បំផុត៕
