វារីវប្បកម្មជាលក្ខណៈសហគមន៍ក្នុងប្រទេសឡាវ៖ ជម្រើសដែលមានសក្តានុពលសម្រាប់ជីវភាពក្នុងអំឡុងពេលអភិរក្សជលផល

ដោយ គង់ តារ៉ាវុធ

Image by Bluesky85 from iStock.

នៅតាមតំបន់ខ្ពង់រាបនៃខេត្តហ្លួងព្រះបាង ខ្ញុំ បានឈរនៅចំណុចប្រសព្វមួយរវាងកិច្ចការពារបរិស្ថាន និងតម្រូវការជីវភាពរបស់សហគមន៍ នៅពេលដែលការរឹតបន្តឹងលើការនេសាទតាមដងទន្លេ មិនត្រឹមតែជាការសម្រេចចិត្តផ្លូវច្បាប់សម្រាប់សហគមន៍ វៀងសាវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងរបៀបរស់នៅរបស់ជនជាតិដើមភាគតិចក្នុងតំបន់ផងដែរ។ ភាពស្ងប់ស្ងាត់នៃផ្ទៃទន្លេដែលត្រូវបានការពារ ហាក់ដូចជាកំពុងចោទសួរខ្ញុំនូវសំណួរដ៏លំបាកមួយថា៖ តើសហគមន៍ ដែលធ្លាប់តែពឹងផ្អែកលើការនេសាទតាំងពីដើរៀងមក នឹងប្រកបរបរចិញ្ចឹមជីវិតដោយរបៀបណា នៅពេលដែលទន្លេរបស់ពួកគេត្រូវបានបិទ?

គម្រោង “ការពង្រឹងភាពធន់និងការគ្រប់គ្រងធនធានជលផល តាមរយៈការចូលរួមពីសហគមន៍មូលដ្ឋាន” (EFRAM)

ក្នុងគោលបំណងស្តារផលស្តុកត្រីដែលបានថយចុះដោយសារទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ ការនេសាទខុសច្បាប់ហួសកម្រិត និងអភិបាលកិច្ចនៅមានកម្រិត ក្រុមការងារគម្រោងរបស់យើង បានទទួលបានជោគជ័យក្នុងការសុំការអនុម័តបង្កើតតំបន់អភិរក្សជលផល (Fish Conservation Zone) តាមបណ្តោយដងទន្លេណាំ សឿង (Nam Xuang)។ នៅមុននេះ មហាវិទ្យាល័យបច្ចេកវិទ្យាជលផល និងធនធានវារីសត្វ នៃសាកលវិទ្យាល័យម៉ែចូ (Maejo University) ប្រទេសថៃ និងមហាវិទ្យាល័យកសិកម្ម និងរុក្ខាប្រមាញ់ភាគខាងជើង (Northern Agriculture and Forestry College) ប្រទេសឡាវ ត្រូវបានចាត់តាំងដោយវិទ្យាស្ថានបរិស្ថានស្តុកខូម ប្រចាំតំបន់អាស៊ី (Stockholm Environment Institute Asia Center) ដើម្បីបង្កើតក្របខ័ណ្ឌចូលរួមសម្រាប់ការអភិរក្សធនធានជលផលនៅលើដងទន្លេណាំ សឿង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារគម្រោង បានមើលឃើញយ៉ាងច្បាស់ថា ក្រៅពីជាបញ្ហាបរិស្ថាន វិបត្តិជលផលក៏បានគំរាមកំហែងដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀងអាហាររបស់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនោះផងដែរ។

ដូច្នេះ ខណៈពេលដែលការកំណត់តំបន់អភិរក្សជលផល FCZ បានរួមចំណែកយ៉ាងសំខាន់ដល់របកគំហើញផ្នែកបរិស្ថាន សម្រាប់ការសិក្សានិងវិទ្យាសាស្ត្រ ក៏ដូចជាអភិបាលកិច្ចផ្នែកទឹកក្នុងតំបន់ មេរៀនដ៏សំខាន់មួយដែលយើងទទួលបានគឺថា ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងការអភិរក្សមានភាពធន់ពិតប្រាកដ វាចាំបាច់ត្រូវមានវត្តមានទន្ទឹមគ្នាជាមួយនឹងការផ្តល់អំណាចដល់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។

ប្រតិមតិនៃតំបន់អភិរក្សជលផល (The Paradox of an FCZ)

ការកំណត់ព្រំប្រទល់តំបន់អភិរក្សជលផល FCZ ដែលត្រូវបានអនុម័តដោយអាជ្ញាធរមូលដ្ឋាន គឺជាខណៈពេលនៃមោទនភាពរបស់សហគមន៍ផង និងជាក្តីបារម្ភដោយស្ងាត់ស្ងៀមក្នុងពេលតែមួយផង។ ការពិភាក្សាក្រុមគោលដៅ ត្រូវបានរៀបចំឡើងដើម្បីកត់ត្រានូវរឿងរ៉ាវនៃការផ្លាស់ប្តូរ និងចងក្រងមេរៀនដែលទទួលបាន បន្ទាប់ពីតំបន់អភិរក្សជលផលទទួលបានការអនុម័ត។ ផ្ទៃមុខរបស់អ្នកភូមិ បានបង្ហាញពីអារម្មណ៍ដ៏ស្មុគស្មាញ។ ពួកគេចង់ការពារទន្លេរបស់ខ្លួន ប៉ុន្តែក៏ព្រួយបារម្ភអំពីជីវភាពរស់នៅផងដែរ។ ពួកគេបានយល់យ៉ាងច្បាស់ពីលទ្ធផលនៃការធ្លាក់ចុះនៃប្រភេទត្រី ដែលគម្រោងរបស់យើងបានបង្ហាញដល់ពួកគេ ប៉ុន្តែលទ្ធផលស្រាវជ្រាវរបស់គម្រោងយើង ដែលបានបំពេញចន្លោះប្រហោងនៃភស្តុតាង (Evidence Gap) តែមិនអាចបំពេញចានបាយរបស់អ្នកភូមិបានឡើយ។ បញ្ហាដែលពិបាកជ្រើសរើស គឺនៅត្រង់ថា៖ ដើម្បីរក្សាជលផលសម្រាប់ពេលអនាគត ការចូល ទៅអាស្រ័យផលនៅក្នុងទន្លេ ត្រូវតែរឹតត្បិតនៅពេលបច្ចុប្បន្ននេះ។ ការរឹតត្បិតនេះ នាំឱ្យមានគម្លាតជីវភាព។ នៅពេលដែលតម្រូវការជីវភាព មានទម្ងន់ធ្ងន់ជាងកាតព្វកិច្ចអភិរក្សជលផល ហើយដោយគ្មានមធ្យោបាយចិញ្ចឹមជីវិតផ្សេងទៀត អ្នកភូមិ នឹងទំនងជាត្រឡប់ទៅអាស្រ័យធនធានជលផលក្នុងទន្លេហួសកម្រិត ខុសច្បាប់ និងដែលធ្វើអោយខូចប្រយោជន៍រួម។

តាមពិតទៅ សហគមន៍មួយអាចមានភាពធន់ពិតប្រាកដ លុះត្រាតែពួកគេមានឧបករណ៍ និងសមត្ថភាពក្នុងការទ្រទ្រង់ខ្លួនឯង (Engle 2022)។ ហេតុដូច្នេះហើយ សហគមន៍ ត្រូវការជំនួយជាចាំបាច់។ តំបន់អភិរក្សជលផល FCZ គួរតែជាឱកាសសម្រាប់ការពង្រឹងអំណាចសហគមន៍ ជាជាងការលះបង់របស់អ្នកភូមិដើម្បីប្រយោជន៍បរិស្ថាន។ អត្ថបទនេះ នឹងបង្ហាញថា វារីវប្បកម្មជាលក្ខណៈសហគមន៍ (Community-Based Aquaculture) អាចជាមធ្យោបាយដ៏មានសក្តានុពល សម្រាប់ការផ្លាស់ប្តូរអ្នកភូមិពីអ្នកសម្លឹងមើលទន្លេដែលត្រូវបានរឹតបន្តឹង ឱ្យទៅជាអ្នកបង្កើតភោគផលដែលសកម្មនឹងការចិញ្ចឹមជីវិតនិងជីវភាពផ្ទាល់ខ្លួន។ ប៉ុន្តែជាដំបូង សូមក្រឡេកមើលការបណ្តុះបណ្តាលជាលក្ខណៈលើសហគមន៍សិន (Community-Based Training) ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃ CBA។

តើ CBT និង CBA ដំណើរការយ៉ាងដូចម្តេច?

ការបណ្តុះបណ្តាលជាលក្ខណៈសហគមន៍ (CBT) គឺជាកម្មវិធីបំប៉នសមត្ថភាពដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សហគមន៍ជនបទ ដោយផ្តោតលើការកែលម្អជីវភាពរស់នៅ និងការបង្កើតមុខរបរដោយខ្លួនឯង។ កម្មវិធីនេះ ផ្តោតជាសំខាន់លើការជួយក្រុមដែលងាយរងគ្រោះ និងជួបការលំបាកដូចជាយុវជនក្រៅសាលា ស្ត្រី មនុស្សពេញវ័យដែលគ្មានការងារធ្វើ និងក្រុមជនងាយរងគ្រោះមួយចំនួនផ្សេងទៀតដូចជាកសិករ និងអ្នកនេសាទជាលក្ខណៈគ្រួសារ ជនជាតិដើមភាគតិច និងសមាជិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ CBT ផ្តល់នូវក្របខ័ណ្ឌរួមបញ្ចូលគ្នាមួយ ដែលដោះស្រាយតម្រូវការជាក់លាក់របស់សហគមន៍មូលដ្ឋាន។ វា ត្រូវបានបញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍន៍ ដែលវាផ្តល់អំណាចដល់សិក្ខាកាម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ និងការសម្រេចចិត្ត (Rosas 2006)។

ជំនាញដែលទទួលបានតាមរយៈ CBT អាចត្រូវបានយកទៅអនុវត្តចំពោះ ការធ្វើវារីវប្បកម្មជាលក្ខណៈសហគមន៍ (CBA) ដែលផ្អែកលើគោលការណ៍មូលដ្ឋាននៃផលប្រយោជន៍រួម។ CBA មានគោលបំណងផ្តល់នូវសកម្មភាពបង្កើតចំណូលបន្ថែម ដែលនឹងកែលម្អជីវភាពរស់នៅ និងសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ជនបទ។ លើសពីនេះ CBA ត្រូវបានយកមកអនុវត្ត ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកខ្លាំងលើធនធានធម្មជាតិក្នុងទឹក និងគាំទ្រដល់ការអភិរក្សជីវចម្រុះ (Ireland 2004; Allison 2011; Troell 2014)។ CBA ក៏ដើរតួជាក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងរួមគ្នា ដែលកែប្រែធនធានធម្មជាតិនៅក្នុងទន្លេ ឱ្យទៅជាធនធានមានប្រយោជន៍ អាចបង្កើតប្រាក់ចំណូលបានប្រកបដោយនិរន្តរភាព។ CBA ត្រូវបានអនុវត្ត ដោយផ្អែកលើមូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធរួម ការគ្រប់គ្រងតាមបែបសហគមន៍ និងការបែងចែកផលប្រយោជន៍ដោយសមធម៌។ អ្នកទទួលផលចម្បងនៃ CBA គឺជាក្រុមដែលជួបការលំបាកនិងខ្វះខាត ដែលខ្វះលទ្ធភាពទទួលបានសេវាបណ្តុះបណ្តាលផ្លូវការ និងជាញឹកញាប់ តែងតែមានជម្រើសហិរញ្ញវត្ថុតិចតួច សមត្ថភាពគ្រប់គ្រងមានកម្រិត និងកម្រិតជំនាញទាប(Ateweberhan 2018)។ វិធីសាស្ត្រនេះ អនុញ្ញាតឱ្យពួកគេចូលរួមក្នុងការសម្រេចចិត្ត រួមទាំងរបៀបបែងចែកភារកិច្ច និងផលប្រយោជន៍ក្នុងចំណោមពួកគេខ្លួនឯង ក៏ដូចជាក្នុងការអនុវត្ត ការត្រួតពិនិត្យ និងការគ្រប់គ្រងវិធានការនានា។

មូលហេតុនៅពីក្រោយការស្នើឡើងនូវ CBA គឺដើម្បីផ្តល់អំណាចដល់អ្នកភូមិជុំវិញតំបន់ FCZ និងផ្លាស់ប្តូរពួកគេ ពីអ្នកនេសាទដែលត្រូវបានរឹតបន្តឹង ឱ្យទៅជាអ្នកផលិតវារីវប្បកម្មដែលមានភាពធន់ ដោយប្រើប្រាស់ធនធានដែលមានស្រាប់របស់សហគមន៍ ឱ្យអស់លទ្ធភាពដូចជាទន្លេ ស្រះតូចៗ ចំណេះដឹងនិងជំនាញប្រពៃណីរបស់ពួកគេ។ ការនេះ អាចសម្រេចបានដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីភាគីពាក់ព័ន្ធ ចាប់ពីរដ្ឋាភិបាលថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការជួយសហគមន៍ ដៃគូឯកជន និងម្ចាស់ជំនួយនានា។

នៅពេលដែលប្រជាជនក្នុងមូលដ្ឋានទទួលបានជំនាញថ្មីៗ ហើយអាចប្រកបរបរចិញ្ចឹមជីវិតពីជំនាញទាំងនោះ នោះសហគមន៍នឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការសម្របខ្លួនទៅនឹងបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។ បន្ទាប់មក សហគមន៍នឹងនៅតែជាអ្នកការពារទន្លេរបស់ខ្លួនប្រកបដោយភាពធន់និងស្វ័យភាព។ ជាការពិត ការគាំទ្រ ដែលផ្តល់ដោយការសាកល្បង CBA នៅតំបន់អភិរក្សជលផល អាចបង្កើនលទ្ធភាពនិងប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់គម្លាតរវាងការអភិរក្សជលផល និងការរស់រានមានជីវិតរបស់សហគមន៍។

CBA និងការពង្រឹងអំណាចយេនឌ័រ

នៅក្នុងការវិភាគវិសាលភាពយេនឌ័ររបស់គម្រោង EFRAM លើស្ត្រី និងជនជាតិភាគតិចចំនួន ៣០ នាក់ ជិតពាក់កណ្តាលនៃអ្នកចូលរួម បាននិយាយថា “មានការយល់ឃើញថា បុរសទទួលបានអត្ថប្រយោជន៍ពីធនធានក្នុងទន្លេច្រើនជាង បើធៀបនឹងស្ត្រី។ ជាទូទៅ បុរសចូលរួមក្នុងសកម្មភាពនេសាទ ខណៈស្ត្រីចូលរួមក្នុងសកម្មភាពក្រោយប្រមូលផលនិងគ្រប់គ្រងស្បៀង អាហារក្នុងគ្រួសារ”។

វាច្បាស់ណាស់ថា នៅក្នុងតំបន់ទន្លេមេគង្គ វារីវប្បកម្ម ត្រូវបានគេមើលឃើញថាជាវិស័យដែលគ្រប់គ្រងភាគច្រើនដោយបុរស។ ទោះជាយ៉ាងណាក៏ដោយ គំរូនៃការធ្វើវារីវប្បកម្មជាលក្ខណៈសហគមន៍ នឹងផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិលនេះ។ គោលបំណងចម្បងមួយនៃការធ្វើវារីវប្បកម្មបែបនេះ គឺដើម្បីផ្តល់ឱ្យសមាជិកសហគមន៍ដែលរងផលប៉ះពាល់ រួមទាំងស្ត្រី និងជនជាតិភាគតិច នូវជំនាញវិជ្ជាជីវៈក្នុងវិស័យដែលបុរសធ្លាប់មានប្រៀបជាងនៅក្នុងគ្រួសារ។

ការលើកទឹកចិត្តឱ្យក្រុមទាំងនេះចូលរួមក្នុង CBA គឺជាការជំនះដោយផ្ទាល់ទៅនឹងបទដ្ឋានយេនឌ័រ លើកកម្ពស់ឯករាជ្យភាពហិរញ្ញវត្ថុ និងផ្លាស់ប្តូរជំនឿប្រពៃណីដែលថាបុរសគឺ ជាអ្នករកចំណូលតែម្នាក់គត់សម្រាប់គ្រួសារ។ អ្វីដែលសំខាន់ គោលការណ៍ នៃ CBA ក៏លើកទឹកចិត្តដល់ការចូលរួមរបស់បុរសផងដែរ ដើម្បីជួយបង្កើនការយល់ដឹងរបស់ពួកគេអំពីសមភាពយេនឌ័រ ផ្លាស់ប្តូរបទដ្ឋានសង្គមដែលលំអៀង និងជម្រុញការផ្លាស់ប្តូរសង្គមប្រកបដោយនិរន្តរភាព (Pamesa 2025)។

ការសិក្សាករណីនៃការអនុវត CBA ៖ ជោគជ័យ បញ្ហាប្រឈម និងមេរៀនដែលទទួលបាន

នៅរដ្ឋ Odisha ប្រទេសឥណ្ឌា ដែលភាពក្រីក្រនិងអសន្តិសុខស្បៀងមានភាពរីករាលដាល រដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីមួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈវារីវប្បកម្ម។ កម្មវិធីនេះ ផ្តោតលើការគាំទ្រដល់ការចិញ្ចឹមត្រីបែបពហុវប្បកម្មប្រភេទ Carp-Mola (ត្រីកាប និងត្រីម៉ូឡា) ដែលផ្តល់សារធាតុចិញ្ចឹមខ្ពស់ នៅក្នុងស្រះសហគមន៍ ដោយសហការជាមួយក្រុមស្ត្រីជួយខ្លួនឯង (Women Self-Help Groups)។ គំនិតផ្តួចផ្តើមនេះ បានជោគជ័យក្នុងការបិទគម្លាតរវាងសន្តិសុខស្បៀង និងសិទ្ធិអំណាចសេដ្ឋកិច្ច ដោយការផ្តល់អំណាចដល់ក្រុមក្រុមស្ត្រីជួយខ្លួនឯង តាមរយៈការបណ្តុះបណ្តាលចំគោលដៅ និងការអនុវត្តការគ្រប់គ្រងកាន់តែប្រសើរ។ ក្រុមស្ត្រីជួយសង្គ្រោះខ្លួនឯង (WSHGs) បានរាយការណ៍ថាការចិញ្ចឹមត្រីដោយប្រើប្រព័ន្ធចិញ្ចឹមត្រីចម្រុះត្រីកាប-ម៉ូឡា (Carp-mola polyculture) ទទួលបានប្រាក់ចំណេញខ្ពស់។ ស្ត្រីទាំងនេះ ទទួលបានចំណូលយ៉ាងច្រើនពីការចិញ្ចឹមត្រីនេះ ដែលមិនត្រឹមតែជួយបង្កើនសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ អាហារូបត្ថម្ភទៀតផង។ លទ្ធផលនៃកម្មវិធីនេះ បានលើសពីអត្ថប្រយោជន៍សេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងការធ្វើឱ្យបរិស្ថានប្រសើរឡើង ការពង្រឹងអំណាចស្ត្រី និងអាហារូបត្ថម្ភកាន់តែប្រសើរឡើង។ សរុបមក កម្មវិធីវារីវប្បកម្មដែលគាំទ្រដោយស្ត្រីនេះ បានបង្ហាញពីប្រសិទ្ធភាព និងផ្តល់នូវគំរូដែលអាចពង្រីកបានសម្រាប់ការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព ទោះបីជាមានការលំបាកលើតម្លៃធាតុចូល និងការផ្គត់ផ្គង់មានកម្រិតក៏ដោយ (Dubey 2024)។

ការសិក្សាករណីមួយទៀតនៃ CBA បានចាប់ផ្តើមក្នុងឆ្នាំ ១៩៩២ នៅតំបន់ជនបទនៃប្រទេសថៃ។ គម្រោងនេះ បានចាត់ទុកសាលារៀនក្នុងភូមិថាជាទីតាំងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការអភិវឌ្ឍវារីវប្បកម្ម។ ដើម្បីជួយសហគមន៍ក្រីក្រក្នុងការបង្កើនផលិតកម្មត្រីនៅជនបទ រដ្ឋាភិបាលបានបង្កើតកម្មវិធីស្រះត្រីសាលារៀន។ វារីវប្បកម្មតាមសាលារៀននេះ (School-Based Aquaculture) បានបញ្ចូលការគ្រប់គ្រងស្រះដោយផ្ទាល់ទៅក្នុងបរិយាកាសអប់រំ។ គោលដៅចម្បងរបស់កម្មវិធីនេះ គឺដើម្បីបង្កើនស្ថានភាពអាហារូបត្ថម្ភរបស់សិស្សកុមារ ដោយការផ្គត់ផ្គង់ត្រីសម្រាប់ការបរិភោគតាមរយៈគម្រោងចិញ្ចឹមត្រីជួយខ្លួនឯង ដែលរួមមានការសាងសង់ស្រះត្រី ការផ្តល់ការបណ្តុះបណ្តាលការចិញ្ចឹមត្រី និងការផ្តល់ជលផល និងការណែនាំបច្ចេកទេសដល់សាលារៀន។ ភាពខ្លាំងរបស់កម្មវិធីនេះ គឺសមត្ថភាពក្នុងការប្រែក្លាយស្រះនៅតាមភូមិ ឱ្យទៅជាថ្នាក់រៀនក្រៅថ្នាក់ ផ្តល់ឱកាស សម្រាប់ការរៀនជំនាញវារីវប្បកម្មដោយអនុវត្តផ្ទាល់។ តាមរយៈដំណើរការពិសោធន៍នេះ សិស្សនិងសហគមន៍ បានឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងការគ្រប់គ្រងវារីវប្បកម្ម ការកែលម្អជីវភាព និងសុខភាពប្រជាជន (Chumnongsittathum 2008)។

ខណៈពេលដែលគំនិតផ្តួចផ្តើមខ្លះនៃ CBA បានផ្តល់រឿងរ៉ាវជោគជ័យ គម្រោងខ្លះនៃ CBA នៅមហាសមុទ្រឥណ្ឌាភាគខាងលិច ផ្តល់នូវការណែនាំអំពីការកំណត់បញ្ហាប្រឈមជាក់ស្តែង និងការរៀនសូត្រនូវមេរៀនដ៏មានតម្លៃ។ គម្រោង CBA នេះ ត្រូវបានអនុវត្តជាសកម្មភាពបង្កើតចំណូលបន្ថែម ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើធនធានធម្មជាតិក្នុងសមុទ្រ និងលើកកម្ពស់ការអភិរក្សជីវចម្រុះ។ សកម្មភាពនៃគម្រោង CBA ទាំងនោះ ដែលបានអនុវត្តក្នុងតំបន់ ត្រូវបានវាយតម្លៃតាមរយៈការពិភាក្សាក្នុងសិក្ខាសាលាជាច្រើន ដោយអ្នកអនុវត្តផ្ទាល់និងភាគីពាក់ព័ន្ធសំខាន់ៗ។ ដោយសារតែកង្វះភាពជាម្ចាស់ គម្រោង CBA ជាច្រើននៅក្នុងតំបន់នេះ មិនអាចបញ្ចប់វដ្តនៃភាពក្រីក្រ និងការបាត់បង់ជីវចម្រុះបានឡើយ។ គម្រោងខ្លះ បានធ្លាក់ក្នុងអន្ទាក់សង្គម-អេកូឡូស៊ី (Social-ecological trap) ដោយសារគម្រោងទាំងនោះ មិនត្រូវបានដឹកនាំដោយសហគ្រិនក្នុងស្រុក និងដៃគូជនជាតិដើមភាគតិច ប៉ុន្តែផ្ទុយទៅវិញត្រូវបានដឹកនាំដោយម្ចាស់ជំនួយខាងក្រៅ ហើយទៀតសោត គម្រោង មានរយៈពេលខ្លីមិនសមស្របនឹងអនុវត្តជាក់ស្តែង។ ឧបសគ្គជាច្រើន ត្រូវបានគេកំណត់ឃើញ ដូចជាកង្វះជំនាញបច្ចេកទេស ការផ្គត់ផ្គង់ពូជនិងចំណីមិនគ្រប់គ្រាន់ និងដំណើរការសម្រេចចិត្តពីលើចុះក្រោម (Top-down decision-making) ដែលមិនយកចិត្តទុកដាក់នឹងសំឡេងសហគមន៍ (Ateweberhan 2018)។

អនុសាសន៍

ដោយផ្អែកលើការអនុវត្តមិនជោគជ័យនៃ CBA ក្នុងករណីខាងលើ វា បានបង្ហាញយ៉ាងច្បាស់ថា CBA ចាំបាច់ត្រូវផ្លាស់ប្តូរពីផ្នត់គំនិតគម្រោងរយៈពេលខ្លី ទៅជាការកសាងសមត្ថភាពរយៈពេលវែង និងនិរន្តរភាពហិរញ្ញវត្ថុ។ លើសពីនេះ វារីវប្បកម្មក្នុងគំរូផ្អែកលើសហគមន៍ ត្រូវតែចាក់ឫសក្នុងស្ថាប័នក្នុងស្រុក ដូចជាកម្មវិធីស្រះត្រីសាលារៀនរបស់ប្រទេសថៃ ដើម្បីធានាថាការគ្រប់គ្រងនៅតែស្ថិតក្នុងដៃរបស់សហគមន៍ ទោះបីជាបន្ទាប់ពីមូលនិធិជំនួយ ត្រូវបានបញ្ចប់ក៏ដោយ។ លើសពីនេះ ការធ្វើប្រព័ន្ធវារីវប្បកម្មនៅក្នុងការអប់រំផ្លូវការ គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃ។ វាធានាថា ជំនាញបច្ចេកទេសដែលចាំបាច់ ត្រូវបានផ្ទេរទៅឱ្យមនុស្សជំនាន់ក្រោយ និងបង្កើតជាខែលការពារទល់នឹងអសន្តិសុខស្បៀងអាហារ ដែលកត្តាទាំងពីរនេះ ចុងក្រោយផ្តល់អំណាចដល់សមាជិកសហគមន៍ជនបទក្នុងការកសាងជីវភាពដ៏មានភាពធន់។

សេចក្តីសន្និដ្ឋាន

ក្នុងករណីរបស់យើង គម្រោង EFRAM បានដោះស្រាយតម្រូវការបន្ទាន់សម្រាប់ការអភិរក្សជលផល ដោយប្រើប្រាស់វិធីសាស្ត្រពីក្រោមឡើងលើ (Bottom-up Approach) ដែលផ្តល់អាទិភាពដល់មតិយោបល់របស់អ្នកភូមិ រួមមានស្ត្រី ជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះ។ លទ្ធផលចម្បងមួយនៃគម្រោងនេះ គឺការអនុម័តជាផ្លូវការនូវតំបន់អភិរក្សជលផល

គម្រោងរបស់យើងបានរកឃើញថា CBA អាចមានសក្តានុពលជាតុល្យការដ៏សំខាន់ចំពោះការប្រកាសឱ្យប្រើប្រាស់ FCZ ដោយសារតែផលល្អរបស់ CBA ចំពោះភាពធន់ផ្នែកសង្គម-សេដ្ឋកិច្ច សម្រាប់សហគមន៍វៀងសាវ៉ាន់ នៅភាគខាងជើងប្រទេសឡាវ។ ចំណុចពិសេសនៃសហគមន៍នេះគឺថា ពួកគេមានចំណងប្រពៃណីដ៏រឹងមាំរួចទៅហើយជាមួយនឹងត្រី និងទឹក។ ដូច្នេះ ការនេសាទហួសកម្រិត អាចនិងគួរតែត្រូវបានជំនួសដោយ CBA ហើយលទ្ធផលនោះ គឺនឹងអនុញ្ញាតឱ្យសហគមន៍បង្កើតប្រភពចំណូល និងក្នុងពេលតែមួយ រក្សាបាននូវធនធានជលផលក្នុងទន្លេរបស់ពួកគេ។ បច្ចុប្បន្ន មានគម្រោងស្រាវជ្រាវ និងការពិសោធន៍ដែលបានបង្កើតឡើងតិចតួចនៅឡើយអំពី CBA។ ដូច្នេះ អត្ថបទនេះស្នើថា សម្រាប់ពេលនេះ CBA គួរត្រូវបានចាត់ទុកថាជាការសាកល្បងបែបលំនាំ (Adaptive Trial) ដែលផ្តល់អាទិភាពដល់តម្រូវការតាមបរិបទបរស់សហគមន៍។